លោក​ត្រាំ​នឹង​យក​ពន្ធ​​ឡើង​វិញ​លើ​ទំនិញ​លោហធាតុ​នាំ​ចូល​ពី​ប្រេស៊ីល​និង​អាហ្សង់ទីន

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អូតង់ នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​លោក​នឹង​ចាប់​ផ្ដើម​យក​ពន្ធឡើង​វិញ​ភ្លាមៗ ទៅលើ​ទំនិញ​ដែក​ថែប​ និង​អាលុយមីញ៉ូម​ដែល​នាំ​ចូល​ពី​ប្រទេស​ប្រេស៊ីល​និង​អាហ្សង់ទីន។

លោក ត្រាំ បាន​សរសេរ​តាម​បណ្ដាញ​ Twitter ​របស់​លោក​ថា​ «‍ប្រេស៊ីល​និង​អាហ្សង់ទីន​បាន​មើល​ឃើញ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន ដែល​ការណ៍​នេះ​ មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កសិករ​អាមេរិក​ទេ។ ដូច្នេះ ខ្ញុំ​នឹង​ដាក់​កំហិត​ឱ្យ​យក​ពន្ធ​នាំ​ចូល​ដែល​ចូល​ជា​ធរមាន​ភ្លាម​ទៅលើ​ដែក​ថែប​និង​អាលុយមីញ៉ូម ដែល​ដឹក​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​ទាំង​ពីរ​នេះ»។

លោក​ត្រាំ ក៏​បាន​ជំរុញធនាគារ​កណ្ដាល​អាមេរិក ឱ្យ​រារាំងប្រទេស​នានា កុំ​ឱ្យ​កេង​ចំណេញ​ខាង​សេដ្ឋកិច្ច​ ដោយ​ការ​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ពួកគេ។

លោក ត្រាំ បាន​សរសេរ​តាម​បណ្ដាញ​ Twitter ថា ​«‍ធនាគារ​កណ្ដាល គួរ​តែ​ចាត់​វិធានការ​បែប​នេះ ដើម្បី​ឱ្យ​ប្រទេស​ជាច្រើន ឈប់​កេង​ចំណេញ​លើប្រាក់​ដុល្លារ​ដ៏​ខ្លាំង​របស់​យើង»។

លោក ត្រាំ ក៏​បាន​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត ​ឱ្យ​ធនាគារ​កណ្តាល​អាមេរិក ទម្លាក់​អត្រា​ការ​ប្រាក់​ឱ្យ​ទាប​ជាង​០ ដោយ​លោក​អះអាង​ថា​អត្រា​ក្រោម​០​នេះ​ក្នុង​ទ្វីប​អឺរ៉ុប​និង​ប្រទេស​ផ្សេងៗ​ទៀត បាន​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​ទាំង​នោះ។

ប៉ុន្តែ អ្នក​ធ្វើ​គោលនយោបាយ​នៃ​ធនាគារ​កណ្ដាល​អាមេរិក កន្លង​មក​បាន​ស្ទាក់ស្ទើរ មិន​ហ៊ាន​ចាត់វិធានការ​លើ​គោលនយោបាយ​ដែល​មិន​អនុលោម​តាម​បែបបទ​ដែល​មាន​ស្រាប់​កន្លង​មក​នេះ​ទេ ទោះបីជា​ធនាគារ​កណ្ដាល​សកល​ផ្សេងៗ​ទៀត បាន​សាកល្បង​វិធានការ​នេះ​ក៏ដោយ។​

​គណៈកម្មការ​កំណត់​គោលនយោបាយ​នៃ​ធនាគារ​កណ្ដាល​អាមេរិក រៀបចំ​កិច្ច​ប្រជុំ​បន្ទាប់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០​និង​ទី​១១ ខែ​ធ្នូ​នេះ៕