ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងប្រាប់គេហទំព័រព័ត៌មាន Axios ថា លោកមិនបានលើកយករឿងចោទប្រកាន់ថា រុស្ស៊ីបានឲ្យប្រាក់រង្វាន់ដល់ក្រុមជីវពលនៅអាហ្វហ្គានិស្ថានឲ្យសម្លាប់ទាហានអាមេរិកនិងទាហានសម្ព័ន្ធមិត្ត នៅក្នុងពេលលោកពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីសប្តាហ៍មុនទេ។
នៅក្នុងសេចក្តីដងស្រង់ពីបទសម្ភាសន៍ដែលត្រូវបានផ្សាយកាលពីថ្ងៃពុធ លោកត្រាំថាលោកបានពិភាក្សាអំពីរឿង «ផ្សេងៗទៀត» ដោយលោកបានបដិសេធថាការចោទប្រកាន់ពីប្រាក់រង្វាន់នោះមិនត្រូវក្រុមចារកម្មចាត់ទុកថាជារឿងពិតទេ។
មន្ត្រីការពារជាតិនិងមន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកកន្លងមកតែងបារម្ភអំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅអាហ្វហ្គានិស្ថាន ដោយអះអាងថារដ្ឋាភិបាលក្រុងមូស្គូបានផ្តល់អាវុធនិងការបណ្តុះបណ្តាលដល់ក្រុមតាលីបង់។
ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios លោកត្រាំអះអាងថា រុស្ស៊ីមិនមានចេតនាអ្វីទាំងអស់នៅក្នុងការជាប់ទាក់ទងនៅក្នុងរឿងអាហ្វហ្គានិស្ថាន៕