លោក​ប្រធានាធិបតីត្រាំ​ថ្លែង​ថា​ឱកាស​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ជាមួយ​កូរ៉េ​ខាង​ជើង​បាន​ស្តារ​ឡើង​វិញ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ថ្លែង​ក្នុង​ពិធី​បញ្ចប់​បរិញ្ញាបត្រ​សម្រាប់​ថ្នាក់​កង​ទ័ព​ជើង​ទឹក​ឆ្នាំ​២០១៨ នៅរដ្ឋ​ Maryland កាលពី​ថ្ងៃទី​២៥ ឧសភា ឆ្នាំ ២០១៨។

ប្រទេស​កូរ៉េខាង​ត្បួង​បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​សៅរ៍នេះថា ខ្លួន​កំពុង​តែ​«ឃ្លាំ​មើល​ដំណើរ​ការវិវឌ្ឍន៍​យ៉ាង​ប្រុង​ប្រយ័ត្ន»រវាង​ស.រ.អា​និង​កូរ៉េ​ខាង​ជើង ២៤​ម៉ោង​ក្រោយ​ពី​មាន​ភាព​មិន​ច្បាស់​លាស់ នៅ​ពេល​ដែល​លោក​ប្រធានាធិបតីស.រ.អា​ Donald Trump ​ដំបូង​លប់​ចោល ​ហើយ​បន្ទាប់​មកនិយាយ​អំពី​ការធ្វើកិច្ច​ប្រជុំ​កំពូលឡើង​វិញ​នៅថ្ងៃទី​១២​មិថុនា នៅប្រទេស​សិង្ហបូរី​ជាមួយ​មេ​ដឹកនាំ​កំពូលនៃ​ប្រទេស​កូរ៉េ​ខាង​ជើង​គឺលោក​ Kim Jong Un។

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អ្នកនាំ​ពាក្យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក ​Kim Eui-Kyeom ​ថ្លែងថា«យើងចាត់​ទុក​ថា​វា​ជា​ភ័ព​សំណាង​ដែល​ងងើក​ភ្លើង​នៃ​ការ​សុន្ទនា​រវាង​កូរ៉េ​ខាង​ជើង​និង​ស.រ.អា មិន​បាន​រលត់​អស់ ហើយ​កំពុង​តែ​ឆេះ​ឡើង​វិញជា​ថ្មី​ម្តង​ទៀត»។

លោក​ប្រធានាធិបតី​ស.រ.អា Donald Trump ​បាន​ថ្លែង​ដោយ​សុទិដ្ឋិនិយម​ កាល​ពី​ថ្ងៃ​សុក្រ​ថា សេតវិមាន​កំពុង​តែ​ធ្វើ​ការ«ពិភាក្សា​ប្រកប​ដោយ​ផ្លែ​ផ្កា ជាមួយ​កូរ៉េ​ខាង​ជើង​អំពី​ការ​រៀប​ចំ​ធ្វើ​សន្និសីទ​កំពូល​ឡើង​វិញ»។

ការ​វិវឌ្ឍន៍​ថ្មី​នេះ កើតឡើង​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា​ខ្លួន​នៅតែ​មាន​ឆន្ទៈ​ដើម្បី​ជួប​ជាមួយ​លោក Trump ទោះ​ជា​លោក​បាន​សម្រេច​ចិត្ត​លប់​ចោល​ផែនការ​សម្រាប់​ការជួប​ជាមួយ​មេ​ដឹកនាំកូរ៉េ​ខាង​ជើង Kim Jong Un ក៏ដោយ។

លោក​ Trump បាន​លុបចោល​គំរោង​ជួប​ប្រជុំ​ជាមួយ​លោក​ Kim កាល​ពីថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​ស្តី​បន្ទោស​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​កូរ៉េ​ខាងជើង​កាល​ពី​ពេល​ថ្មីៗ​មួយ​ចំនួន គំរាម​ចង់​ដក​ខ្លួន​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល ដោយ​សារ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ការ​កត់​សម្គាល់​ដែល​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​របស់​ក្រុម​មន្ត្រី​ស.រ.អា៕