ប្រធានាធិបតី​ត្រាំ​នឹង​ឆ្លើយ​សំណួរ​របស់​មេធាវី​ពិសេស​អំពី​ការសន្ទនា​របស់​លោក Comey

អតីត​ប្រធាន FBI លោក James Comey ត្រូវ​ធ្វើការ​សាកសួរ​មុននៅ​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​០៨ មិថុនា ២០១៧។

នៅ​ពេល​ត្រូវ​សួរ​កាលពី​ថ្ងៃ​សុក្រ​ថា​តើ​គាត់​ចង់ផ្តល់សក្ខីកម្ម​ដោយមាន​ការ​ស្បថ​សច្ចាថា​និយាយ​តែ​ការ​ពិត​អំពីការ​សន្ទនា​របស់​គាត់​ជាមួយ​លោក James Comey អតីតនាយក​ FBI ឬទេ ប្រធានាធិបតី Donald Trump បានឆ្លើយថា «១០០ភាគរយ» ក៏​ប៉ុន្តែ​នៅ​ពេលបន្ទាប់ភ្លាមៗ​នោះ​គាត់​បាននិយាយ​បន្ថែមថា​ «ខ្ញុំមិន​និយាយនៅក្រោម​ការ​ស្បថទេ»។

ក៏​ប៉ន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏ប្រធានាធិបតី​អាមេរិកាំង​រូបនេះ​និយាយ​ច្បាស់លាស់​ថា​គាត់​ចង់ឆ្លើយ​នឹង​សំណួរ​ពី​លោក Robert Mueller អតីត​នាយក​ FBI ម្នាក់ទៀត​ដែល​នៅ​ពេល​នេះ​ដឹកនាំការ​ស៊ើបអង្កេត​ពិសេស​មួយ​អំពីឥទ្ធិពល​របស់​រុស្សី​ក្នុង​វិស័យ​នយោបាយ​ស.រ.អា.។

ការ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​រវាង Trump និង​ពួក​អ្នកកាសែត​បានកើត​មានឡើង​នៅ​ក្នុង​សួនផ្កាកុលាប​នា​សេតវិមាននៅ​ពេលរសៀល​មួយមានធាតុ​អាកាសក្តៅ​ក្នុង​ខែ​មិថុនានៅ​ពេល Trump ឈរ​ជិត​ប្រធានាធិបតី​ Roumanie Klaus Iohannis។

Trump បានកត់សម្គាល់​ថា​ «James Comey បានបញ្ជាក់​ថា​ពិត​អំពី​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​បាននិយាយ​ហើយមានការណ៍​ខ្លះ​ដែល​គាត់​បាននិយាយមិនមែន​ជា​ការពិតទេ»។ Trumpក៏​បានចោទ​ប្រកាន់ជា​ពិសេស​ថា​លោក Comey បាននិយាយ​កុហក​នៅ​ក្រោមការ​ស្បថ​នៅ​ក្នុង​ការ​ផ្តល់សក្ខីកម្មកាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅចំពោះ​មុខ​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការ​សម្ងាត់​របស់​ព្រឹទ្ធសភា​ស.រ.អា.។

Trump បានគូសបញ្ជាក់​ថា​សក្ខីកម្មរបស់លោក Comey បានបង្ហាញ​ថា​ «គ្មាន​ការ​ឃុបឃិត គ្មានការ​រាំង​ខ្ទប់ទេ» ក៏​ប៉ុន្តែថា​ «គាត់ជា​អ្នកបន្លេចព័ត៌មាន»៕