លោក​ប្រធានាធិបតី​​ត្រាំ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​​អាមេរិក​ក្នុង​​ពិធី​​​ស្ងប់ស្ងាត់​ដោយ​សារ​កូវីដ១៩

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឈរ​ជាមួយ​នឹង​លោក​អនុប្រធានាធិបតី Mike Pence និង​លោក​ឧត្តមសេនីយ៍ Omar Jones នៅ​ទីស្នាក់ការ​កណ្តាល​នៃ​កងកម្លាំង​ Joint Force ​កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Donald Trump កាល​ពី​ថ្ងៃ​ចន្ទ​បាន​សម្តែង​ការ​ដឹង​គុណ​ដល់​យុទ្ធជន​អាមេរិក​ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមនៅ​ក្នុង​ពិធី​រំឭកវិញ្ញាណក្ខន្ធ​ប្រចាំ​ឆ្នាំ​ដ៏​ស្ងប់ស្ងាត់​មួយ​នៅ​បូជនីយដ្ឋាន​បញ្ចុះ​សពជាតិ Arlington នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ត្រាំ​បាន​ចូល​រួម​ការ​ដាក់​កម្រង​ផ្កា​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​ដែល​មាន​ការ​ចូល​រួម​ផល​ដែរ​ពី​លោកអនុប្រធានាធិបតី Mike Pence រដ្ឋមន្ត្រីការពារ​ជាតិ​លោក Mark Esper និង​ភរិយា​លោកត្រាំ​គឺ​ជំទាវ​ទី​១ លោកស្រី Melania Trump។

ប៉ុន្តែ​បរិយាកាស​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩បាន​គ្របដណ្តប់​ជាក់​ច្បាស់​លើ​ពិធី​រំឭកវិញ្ញាណក្ខន្ធ​យុទ្ធជន​អាមេរិក​នៅ​បូជនីយដ្ឋាន​ Arlington ​ក្នុង​ឆ្នាំ​នេះ។ លោកប្រធានាធិបតី​ត្រាំ​មិន​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មហាជន​ដូច​រាល់​ឆ្នាំ​ទេ ហើយ​អ្នក​ចូល​រួម​ពិធី​នេះ​ត្រូវ​រក្សា​គម្លាត​ពីរ​ម៉ែត្រ​ពី​គ្នា។ មន្ត្រី​យោធា​ខ្លះ​ក៏​បាន​ពាក់​ម៉ាស់​ដែរ។​

ពិធី​រំឭកវិញ្ញាណក្ខន្ធ​យុទ្ធជនអាមេរិក ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Memorial Day​ ត្រូវ​គេ​ធ្វើ​ឡើង​រាល់​ថ្ងៃ​ចន្ទ​ចុងក្រោយ​បង្អស់​នៃ​ខែ​ឧសភា​ ដើម្បី​រំឭក​ដល់​យុទ្ធជននិង​យុទ្ធនារី​អាមេរិក​ដែល​បាន​ពលី​ជីវិត​សម្រាប់​ប្រទេស​ជាតិ។

ទង់ជាតិ​ត្រូវ​បាន​បង្ហូត​ត្រឹម​ពាក់កណ្តាល​ដង​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ថ្ងៃ​សុក្រ​មក​សម្រាប់​រំឭក​គុណ​យុទ្ធជន ប៉ុន្តែ​កាល​ពី​ថ្ងៃ​អាទិត្យ​ក៏​សម្រាប់​រំឭក​ដល់​ពលរដ្ឋ​អាមេរិក​ជិត​១០០.០០០​នាក់​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩។

តួលេខ​ចំនួន​អ្នក​ស្លាប់​នេះ​របស់​សហរដ្ឋ​អាមេរិក​ជា​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក ដោយ​ក្នុង​នោះ​ក៏​មានអតីត​យុទ្ធជន​អាមេរិក​ចំនួន​ជាង​១.០០០​នាក់​បាន​ស្លាប់​ពី​ជំងឺ​កូវីដ១៩ មក​ទល់​នឹង​ពេល​នេះ។ នេះ​បើតាម​តួលេខ​របស់​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន​សហរដ្ឋ​អាមេរិក៕