លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស.រ.អា. Jeff Sessions បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃសុក្រថាលោក Andrew McCabe អតីតនាយករងការិយាល័យ FBI បានត្រូវដកចេញពីតំណែងហើយ។
លោក Sessions បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា «ផ្អែកលើរបាយការណ៍នៃអគ្គាធិការ ការរកឃើញដោយការិយាល័យផ្នែកការទទួលខុសត្រូវខាងវិជ្ជាជីវៈរបស់ FBI និងអនុសាសន៍នៃមន្ត្រីជាន់ខ្ពស់ប្រចាំអាជីពនៃក្រសួងយុត្តិធ៌ម ខ្ញុំបញ្ឈប់ការងាររបស់លោក Andrew McCabe ដោយចូលជាធរមានជាបន្ទាន់»។
ប្រធានាធិបតី Donald Trump បាននិយាយអំពីការបណ្តេញលោក McCabe ចេញពីតំណែងតាម Twitter ថា «Andrew McCabe បានត្រូវដកចេញពីតំណែងនេះជាថ្ងៃអស្ចារ្យមួយសម្រាប់ពួកបុរសនិងក្រុមស្ត្រីដែលឧស្សាហ៍ធ្វើការងារនៅក្នុង FBI-នេះជាថ្ងៃអស្ចារ្យមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ។ លោក James Comey ធ្លាប់ជាចៅហ្វាយនាយរបស់គាត់ហើយបានធ្វើឱ្យ McCabe ដូចជាកុមារាអ្នកចម្រៀងជាក្រុម។ គាត់ដឹងទាំងអស់អំពីការនិយាយកុហកនិងអំពើពុករលួយនៅក្នុងកម្រិតខ្ពស់បំផុតនៃ FBI»។
លោក McCabe ដែលធ្លាប់កាន់តំណែងទីពីរនៅក្នុងការិយាល័យ FBI ដែលប្រធានាធិបតី Donald Trump បានរិះគន់ជាសាធារណៈអំពីការលម្អៀងខាងនយោបាយនិងបានត្រូវរាយការណ៍ថានឹងត្រូវដកចេញពីតំណែង បានលាលែងចេញពីតំណែងពី FBI កាលពីថ្ងៃទី៣០ខែមករា។ លោកបានគ្រោងចូលនិវត្តន៍នៅថ្ងៃអាទិត្យដែលជាថ្ងៃកំណើតរបស់លោកដោយទទួលប្រាក់បំណាច់ទាំង អស់។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏នៅពេលនះដែលលោកបានត្រូវដកចេញពីតំណែង ប្រាក់សោធននិវត្តន៍ខ្លះឬទាំងអស់របស់លោកអាចមានភាពប្រថុយប្រថាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្រោយសេចក្តីប្រកាសរបស់លោក Sessions លោក McCabe បានថ្លែងថា «ការវាយប្រហារលើភាពឱ្យជឿទុកចិត្តបានរបស់ខ្ញុំជាផ្នែកមួយនៃការខិតខំប្រឹងប្រែងខ្លាំងមួយ មិនមែនគ្រាន់តែបង្កាច់បង្ខូចតែខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែដើម្បីធ្វើឱ្យខូចឈ្មោះ FBI ក្រុមពង្រឹងច្បាប់និងពួកអ្នកស៊ើបការសម្ងាត់ប្រចាំអាជីពជាទូទៅថែមទៀតផងដែរ»៕