ទីប្រឹក្សាជាន់​ខ្ពស់​សេដ្ឋ​កិច្ច​​របស់​ប្រធានា​ធិបតី​ត្រាំ​ចោទ​ប្រកាន់​ប្រធានាធិបតី​ចិន​អូសបន្លាយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម

លោក Larry Kudlow ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

ទីប្រឹក្សា​ជាន់​ខ្ពស់សេដ្ឋ​កិច្ចរបស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ ​បាន​ចោទ​ប្រកា​ន់ប្រធានាធិបតី​ចិន​ ស៊ី ជីងពីង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ពី​ការ​ធ្វើ​ឲ្យ​ជាប់​គាំង​ដល់កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​រីក​កាន់​តែ​ធំឡើង​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក Larry Kudlow នាយកក្រុម​ប្រឹក្សាសេដ្ឋ​កិច្ច​ជាតិ​របស់​សេតវិមាននិ​យាយ​ថា ពួក​មន្ត្រី​ចិន​ថ្នាក់​ទាប​ចង់​បញ្ចប់​ការ​យក​ពន្ធគយ​ដែល​ប្រទេស​មហា​អំណាច​មាន​សេដ្ឋ​កិច្ច​ដ៏​ធំបង្អស់​២​របស់​ពិភពលោក​បានយក​ពន្ធ​គយ​គ្នា​ទៅ​វិញ​ទៅ​មក ក៏ប៉ុន្តែ គឺ​ថា ​ប្រធានា​ធិបតី​ស៊ី​បាន​បដិសេធ​ពុំ​ព្រម​កែប្រែ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ហើយ​និង​គោល​នយោបាយ​ផ្សេង​ទៀត​របស់​ចិន។

លោក Kudlow បានបាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ ​CNBC ថា «តាម​យើង​ដឹង​រហូត​មក​ទល់​ពេល​នេះ ​ប្រធានាធិបតី​ស៊ី​មិន​ចង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។ ខ្ញុំ​គិត​ថា លោកស៊ី​កំពុង​លេង​ល្បែង។ បាល់​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក»។

លោក Kudlow បាន​និយាយ​ទៀត​ថា ​ចិន​អាច​បញ្ចប់​ការ​យក​ពន្ធគយ​លើ​ទំនិញ​សហរដ្ឋ​អាមេរិក​នៅ​ពេល​ថ្ងៃ​ត្រង់​នេះ​ក៏បាន ​ប្រសិន​បើ ចិន​ចាត់​វិធានការ​ដែល​រួម​មាន​ការ​កាត់​បន្ថយ​ពន្ធគយ​និង​ឧបសគ្គ​ផ្សេង​ទៀត​ដើម្បី​នាំ​ចូលទំនិញ​នោះ។ សហរដ្ឋ​អាមេរិក​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​បញ្ចប់​ការ​លួច​កម្មសិទ្ធ​បញ្ញាហើយ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ដែល​កាន់​កាប់​ដោយ​ម្ចាស់​បរទេស​ប្រតិបត្តិការយ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ប្រទេស​ចិន។

លោក Kudlow ក៏​និយាយ​ដែរ​ថា លោក​រំពឹង​ថា ​លោក Jean-Claude Juncker ​ប្រធាន​គណៈកម្មការ​អឺរ៉ុប ​នឹង​ធ្វើសំណើ​ពាណិជ្ជកម្ម​មួយ​នៅពេល​ដែល​លោក​ជួប​ជាមួយ​ប្រធានា​ធិបតី​ត្រាំ​នៅ​សេតវិមាន​នៅ​សប្តាហ៍​ក្រោយ៕