ក្រុមមេធាវីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមបង្ហាញការ ជជែកដេញដោលតទល់កាលពីថ្ងៃសៅរ៍ នៅព្រឹទ្ធសភាបន្ទាប់ពីអ្នករៀបចំចាត់ចែងការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងរបស់សភាតំណាងរាស្រ្ត បានបិទការជជែកដេញដោលដែលមានរយៈពេល៣ថ្ងៃនៅក្នុងជំនំជម្រះការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែង។ស
លោក Pat Cipollone មេធាវីរបស់សេតវិមាន បានចាប់ផ្តើមបង្ហាញការការពាររបស់លោក ត្រាំ ដោយប្រកាសថា ពួកអ្នករៀបចំចាត់ចែងខាងគណបក្សប្រជាធិបតេយ្យ មិនបានធ្វើឲ្យសម្រេចគោលដៅរបស់ពួកគេ។
លោក Cipollone បាននិយាយថា៖ «យើងមិនជឿថា ពួកគណបក្សប្រជាធិបតេយ្យ អាចបន្ទុកតាមអ្វីដែលពួកគេសុំឲ្យលោកអ្នកធ្វើ»។
លោក Cipollone ក៏បាននិយាយជាថ្មីទៀតអំពីការរិះគន់ជាញឹកញយដល់ទម្រង់ការនៃការចោទប្រកាន់ដោយពួកប្រជាធិបតេយ្យដែលថា ពួកគេអាចទុកជាមោឃភាពនូវជ័យជម្នះរបស់លោកត្រាំក្នុងការបោះឆ្នោតឆ្នាំ២០១៦ ហើយកាត់បន្ថយជម្រើសរបស់ក្រុមអ្នកបោះឆ្នោតនៅមុនការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ខាងមុខនេះ។
លោក Cipollone និយាយទៀតថា៖ «ពួកប្រជាធិបតេយ្យបានជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងការបោះឆ្នោតមួយក្នុងប្រវត្តិសាស្រ្តអាមេរិកាំង ហើយយើងមិនអាចអនុញ្ញាតឲ្យមានការណ៍នេះកើតឡើងបានទេ។ វារំលោភរដ្ឋធម្មនុញ្ញរបស់យើង។ វានឹងរំលោភប្រវត្តិសាស្រ្តរបស់យើង។ វានឹងរំលោភសេចក្តីទុកចិត្តដែលប្រជាពលរដ្ឋមានលើអស់លោកអ្នក»។
ក្រុមមេធាវីការពាររបស់លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃសៅរ៍ បង្កើនការជជែកឲ្យហេតុផលដែល នឹងត្រូវលាតត្រដាងសេចក្តីលម្អិតបបន្ថែមទៀតនៅសប្តាហ៍ក្រោយ។ក្នុងបទបង្ហាញរបស់លោក លោក Michael Purpura អនុប្រធានក្រុមមេធាវីរបស់សេត វិមាន បានចាក់បញ្ចាំងវីដេអូរបស់លោក Adam Schiff អ្នកចាត់ចែងរបស់សភាតំណាងរាស្រ្តដែលបានបញ្ចេញបញ្ចូលការសន្ទនាតាមទូរស័ព្ទរបស់លោកប្រធានាធិបតីត្រាំជាមួយប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី២៥ ខែកក្កដា ដែលជាបញ្ហាសំខាន់ដល់ការ ស៊ើបអង្កេតការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែង។
លោក Purpura បាននិយាយនៅក្នុងការប៉ុនប៉ងដើម្បីបណ្តុះបង្អាប់លោក Schiff និងគណបក្សប្រជាធិបតេយ្យផ្សេងទៀតថា៖ «នេះជាការក្លែងក្លាយ។ នេះមិនមែនជាការនិយាយទូរស័ព្ទពិតទេ»៕