ខ្មែរ​អាមេរិកាំង​រំពឹង​លើ​ការសន្យា​ក្នុង​ពេល​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី​ត្រាំ

លោក ដូណាល់ ត្រាំ លើក​ដៃ​ស្បថ​ក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧។

បើ​ទោះបីជា​ចំនួន​អ្នកចូលរួម​នៅឆ្នាំ​នេះ​មានចំនួន​តិច​ជាងឆ្នាំ​២០០៩​ពេល​ដែល​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​បាន​ស្បថ​ចូល​កាន់​តំណែង​ប៉ុន្តែ​ ក៏បាន​ទាក់ទាញ​អ្នក​មក​ចូលរួម​ជាលើកដំបូង​ផងដែរ។​

តាំងពីពេល​ព្រឹក​ព្រលឹម​ហ្វូងមនុស្ស​ជាច្រើន​បាន​តម្រង់ជួរគ្នា​ដើម្បី​ចូលរួម​ធ្វើ​ជាសាក្សី​នៃ​ការស្បថ​ចូល​កាន់តំណែង​របស់​លោក​ដូណាល់ត្រាំ​ជា​ប្រធានាធិបតី​ទី​៤៥របស់​សហរដ្ឋ​អាមេរិក​នាថ្ងៃ​សុក្រ​នេះ។

បើ​ទោះបីជា​ចំនួន​អ្នកចូលរួម​នៅឆ្នាំ​នេះ​មានចំនួន​តិច​ជាងឆ្នាំ​២០០៩​ពេល​ដែល​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​បាន​ស្បថ​ចូល​កាន់​តំណែង​ប៉ុន្តែ​ ក៏បាន​ទាក់ទាញ​អ្នក​មក​ចូលរួម​ជាលើកដំបូង​ផងដែរ។​

លោក​ណែម ឈឿង​ប្រធាន​សមាគម​ក្រុងខ្មែរ​នៅ​រដ្ឋ​ចរចា​បាន​ចូលរួម​ក្នុង​ពិធី ​នេះ​ជាលើក​ដំបូង។​

«ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ព្រោះអី​យើង​គិត​ថា​នៅ ស្រុក​យើង​កម្រ​ឃើញ​ព្រឹត្តិការណ៍​ធំៗ​ល្បីៗ​អីចឹង​ណាស់​ហើយ​នេះ​ជា​កិត្តិយស​ដែល​យើង​ជាជនជាតិ​ភាគតិច​មួយ​ហើយ​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​មក​ចូលរួម​ការផ្លាស់ប្តូរ​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រធានាធិបតី​សឹងតែ​មួយ​ពិភពលោក​ហើយ‍»។​

Your browser doesn’t support HTML5

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អបអរសាទរ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ

ដូចគ្នា​នេះ​ដែរ​ព្រះតេជគុណសន សែន​ ដែល​និមន្ត​មក​ពី​រដ្ឋ​ចរចា​បាន​សម្តែង​ពីព្រះទ័យ​រីករាយ​របស់​ព្រះ​អង្គ​ក្នុងការ​មក​ចូលរួម​លើក​ទីមួយ។

«តាមពិត​ទៅ​ចំពោះ​អាត្មា​ជាព្រះសង្ឃដែល​បាន​មក​រស់នៅស្រុក​នេះ​គឺ​ត្រេកអរជាមួយ​គាត់​ដែល​បាន​ចូលរួម។ អត់​មាន​ថា​កាន់ជើងគាត់​ឬក៏យ៉ាងម៉េចទេ​គ្រាន់តែ​មក​ចូលរួម​ត្រេកអរក្នុង​កម្មវិធី​ចូល​កាន់​តំណែង‍»។

សូម្បី​លោក​ល័ក្ខ និស្ស័យ​ អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ម៉ាស្សា​ឈូសិត​ដែល​បាន​ចូលរួម​ក្នុង​ពិធីនេះ​នៅរាល់ពេល​ដែល​គណបក្ស​របស់​លោក​ឈ្នះឆ្នោត​នៅតែ​សប្បាយ។​

«ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ហើយ​នឹង​មាន​កិត្តិយស​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​ការអបអរសាទរ​ការចូលកាន់តំណែង​របស់​ប្រធានាធិបតី​ទី៤៥របស់​សហរដ្ឋ​អាមេរិក​នេះ‍»។​

លោកប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រកាស​នៅក្នុង​សុន្ទរកថា​ដំបូង​របស់​លោក​ថា​លោក​នឹង​ប្រើប្រាស់​ទស្សនៈវិស័យ​ថ្មីមួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ដែលក្នុងនោះ​គឺ​ផ្តោត​លើ​ផលប្រយោជន៍​អាមេរិកាំង​មុនអ្វី​ទាំងអស់​ដែល​មានដូច​ជាការយកចិត្ត​ទុកដាក់​ដល់​កម្មករ​ដែល​ត្រូវ​គេ​បោះបង់​ចោល​ដោយ​សារតែ​ការបិទទ្វារ​រោងចក្រ​និង​ការបាត់បង់​ទ្រព្យ​ធន​សេដ្ឋកិច្ច​។

មានបញ្ហា​មួយចំនួន​ដែល​លោក​ណែម ឈឿង​សង្ឃឹម​ថា​លោក​ប្រធានាធិបតី នឹង​ផ្តោតលើ៖

«ខ្ញុំ​គិត​ថា​ទីមួយ​គឺរឿង​ជនអន្តោប្រវេសន៍​ ទីពីរ​រឿងច្បាប់​ធានារ៉ាប់រង​សុខភាព​ ទីបី​រឿងការងារ​ ហើយនឹង​ទីបួនរឿងពាណិជ្ជកម្ម រឿងលទ្ធិប្រជាធិបតេយ្យ​ជាដើម​។ នេះជារឿងធំៗ​ដែល​ជាទូទៅ​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ផ្តោត​អារម្មណ៍‍»។

លោក​ល័ក្ខ និស្ស័យ​ យល់ស្រប​ថា​នឹង​មានការ​ផ្លាស់ប្តូរ​នៅផ្នែក​រាប់រងសុខភាព​និង ​អន្តោប្រវេសន៍។ ហើយ​សម្រាប់​គោលនយោបាយ​ការបរទេស​នោះ​ក៏លោក​សង្ឃឹមថា៖

«ចំពោះកិច្ចការ​បរទេស​វិញ​ខ្ញុំ​ជឿថា​ក៏មានការផ្លាស់ប្តូរ​ដែរ​ដើម្បី​បង្កើត​កិច្ច​ការ​នៅ​សហរដ្ឋ​អាមេរិក​គឺ​ត្រូវ​តែ​មាន​ការផ្លាស់ប្តូរ​ខ្លះនៅក្នុង​កិច្ច​ការបរទេស​របស់​គាត់​ហ្នឹង​។ សង្គ្រាម​ក៏​ត្រូវ​មានការ​ផ្លាស់ប្តូរ​ចឹង​ដែរ​មានន័យ​ថា​សង្គ្រាម​ដែល​កំពុង​កើតមានឡើង​នៅ​មជ្ឈិមបូព៌ាគឺ​លោក​ត្រាំ​នឹង​មានការផ្លាស់ប្តូរដែរ‍»។​

លោកដូណល់ត្រាំ​បាន​ឈ្នះ​លោកស្រីហ៊ីលឡារីគ្លីនតុន​ក្នុងការបោះឆ្នោត​ជាតិ​កាលពីខែ​វិច្ឆិកា​ឆ្នាំ​២០១៦។​ លោកស្រីគ្លីនតុន​ទទួល​បាន​សំឡេងគាំទ្រ​របស់ពលរដ្ឋលើស​លោកត្រាំ​ដល់​ទៅជិត​៣លានសំឡេង​ប៉ុន្តែ​លោក​ត្រាំ​ឈ្នះ​ចំនួន​ប្រតិភូច្រើនជាង​ដែល​ជា​ប្រព័ន្ធ​មួយ​ប្រើប្រាស់​សម្រាប់​ជ្រើសរើស​ប្រធានាធិបតី។

លោក​ណែម ឈឿងបាន​បោះឆ្នោត​គាំទ្រ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​នៃ​គណបក្ស​ប្រជា​ធិបតេយ្យប៉ុន្តែ​បាន​សម្រេច​មក​ចូលរួម​ក្នុងពិធីនេះ​ដោយ​សារ​តែ​លោក​យល់​ថា​ជាផ្នែក​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​គឺ​ការ​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​។​

«នេះគឺជាភាសា​គន្លឹះមួយ​ដែល​ប្រជារាស្រ្ត​ខ្មែរ​ជាទូទៅនឹង​ជារួម​ដែល​ខ្ញុំ​និយាយ​បាន​ថា​ការដែល​យើង​មិន​សប្បាយ​ចិត្ត​ទៅលើ​បុគ្គលណាមួយ​វា​ជារឿង​មុន​បោះឆ្នោត​ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​ការដែល​គាំទ្រ​ឱ្យ​តំណាងរបស់​យើង​មេដឹកនាំ​យើង​ដើម្បី​ធ្វើការ​ជោគជ័យ​សម្រាប់​ប្រទេស​យើង​សម្រាប់​សហគមន៍យើង​ជាការចាំបាច់​ហើយ​ក៏ជា​ផ្លូវ​ច្បាប់​មួយ​ដែល​ថា​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​យើង​ត្រូវ​គោរព​ផ្លូវច្បាប់​ដែល​គេ​បាន​ចងក្រងហើយ‍»។​

លោក​ប្រធានាធិបតី​ត្រាំ​មិន​ដែល​កាន់តំណែង​ដែល​មាន​ការបោះ​ឆ្នោត​ ឬ​បម្រើ​ក្នុង​ជួរកងទ័ព​ពីមុន​មក​ទេ៕