អតីតមេធាវី​ផ្ទាល់ខ្លួន​របស់​លោក Trump ថា​ លោក​ប្រធានាធិបតី​គឺ​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍​ និង​ជា​មនុស្ស​កុហក​បោកប្រាស់

លោក Michael Cohen អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់​លោកប្រធានាធិបតី Donald Trump បាន​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​កាល​ពី​ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ 

លោក Cohen បាន​និយាយ​ថា​លោក Trump ក៏​បាន​ដឹង​និង​បាន​បញ្ជា​ឲ្យ​លោក​និយាយ​កុហក​សភា​អំពី​ការចរចា​របស់​ក្រុមហ៊ុន​លោក Trump ដើម្បី​សាងសង់​អាគារ​កប់ពពក​នៅ​ក្នុង​ទីក្រុងម៉ូស្គូ​នៅ​អំឡុង​យុទ្ធនាការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

លោក Michael Cohen អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់​លោកប្រធានាធិបតី Donald Trump បាន​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​កាល​ពី​ថ្ងៃពុធ​ថា លោក Trump គឺ​ជា​មនុស្ស​ប្រកាន់ពូជសាសន៍​ និង​ជា​មនុស្ស​កុហក​បោកប្រាស់។

លោក Cohen បាន​ប្រាប់​សភា​ថា​ លោក Trump បាន​ដឹង​ថា​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​គឺ​លោក Roger Stone មាន​ទំនាក់ទំនង​ជាមួយ​នឹង​ស្ថាបនិក​គេហទំព័រ WikiLeaks លោក Julian Assange ពាក់ព័ន្ធ​នឹង​ការ​បែក​ធ្លាយ​សារ​អេឡិចត្រូនិក​របស់​លោកស្រី Hillary Clinton ដែល​ជា​គូប្រជែង​របស់​លោក Trump កាល​ពី​ពេល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៦។

លោក Cohen បាន​និយាយ​ថា​លោក Trump ក៏​បាន​ដឹង​និង​បាន​បញ្ជា​ឲ្យ​លោក​និយាយ​កុហក​សភា​អំពី​ការចរចា​របស់​ក្រុមហ៊ុន​លោក Trump ដើម្បី​សាងសង់​អាគារ​កប់ពពក​នៅ​ក្នុង​ទីក្រុងម៉ូស្គូ​នៅ​អំឡុង​យុទ្ធនាការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦ ខណៈលោក Trump​ បាន​ប្រាប់​អ្នកបោះឆ្នោត​ថា​លោក​គ្មាន​ទំនាក់ទំនង​អាជីវកម្ម​នៅក្នុង​ប្រទេសរុស្ស៊ី​ទេ។ លោក Cohen បាន​និយាយ​ថា​ លោក Trump មិន​ដែល​គិត​ថា​លោក​ឈ្នះ​ឆ្នោត​ទេ។

លោក Cohen ថា៖ «លោក Donald Trump គឺ​ជា​បុគ្គល​ម្នាក់​ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​ដើម្បី​ចង់​ឲ្យ​ការ​រកស៊ី​របស់​លោក​កាន់​តែ​រីកចម្រើន​ប៉ុណ្ណោះ​ មិនមែន​ដើម្បី​ចង់​ឲ្យ​ប្រទេស​រីកចម្រើនទេ។ លោក​គ្មាន​គំនិត​ចង់​ដឹកនាំប្រទេស​ទេ។ លោក​គ្រាន់​តែ​ចង់​ផ្សព្វផ្សាយ​ពី​ជំនួញ​របស់​លោក​ដើម្បី​ភាព​មាន​បាន​ និង​អំណាច​ផ្ទាល់​ខ្លួន​របស់​លោក​តែ​ប៉ុណ្ណោះ។ យុទ្ធនាការ​បោះឆ្នោត​របស់​លោក​គឺ​ដើម្បី​យក​ឱកាស​ធ្វើ​ការផ្សព្វផ្សាយ​ពី​មុខជំនួញ​របស់​លោក​តែ​ប៉ុណ្ណោះ»៕