វេជ្ជបណ្ឌិត​ថា លោក Trump ធ្វើ​តេស្ត​ឃើញ​ថា​លែង​មាន​ជំងឺ​កូវីដ១៩ ហើយ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងនៅក្នុងកម្មវិធីឃោសនារកសំឡេងឆ្នោត នៅអកាសយានដ្ឋានអន្តរជាតិ Orland Sanford នៅទីក្រុង Sanford រដ្ឋ Florida ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

លោក Sean Conley វេជ្ជបណ្ឌិត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក Trump បាន​ធ្វើ​តេស្ត​ឃើញ​ថា​ លែង​មាន​ជំងឺ​កូវីដ១៩ ហើយ ក្នុង​ពេល «ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា»។

លោក Conley ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​លោក Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Florida ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ជា​លើក​ដំបូង ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា​ មាន​ផ្ទុក​ជំងឺ​នេះ​កាល​ពី​ដើម​ខែ​នេះ​មក។

នៅ​ក្នុង​កំណត់ហេតុ​មួយ​ចេញ​ដោយ​សេតវិមាន​កាល​ពី​ថ្ងៃ​ច័ន្ទ លោក​វេជ្ជបណ្ឌិត Conley បាន​បញ្ជាក់​ថា លោក Trump ត្រូវ​បាន​ធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ ថ្មី ដែល​ផ្ដល់​លទ្ធផល​លឿន​របស់​ក្រុមហ៊ុន Abbott Laboratories។ លោក Conley មិន​បាន​និយាយ​ថា​ តើ​លោក Trump បាន​ធ្វើ​តេស្ត​ពេល​ណា​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត Conley និយាយ​ថា ការ​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​នេះ រួម​ជាមួយ​នឹង​ទិន្នន័យ​សុខភាព និង​ទិន្នន័យ​ពី​មន្ទីរពិសោធន៍​បង្ហាញ​ថា លោក Trump គ្មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ទៀត​ទេ។ លោក Conley ក៏​បាន​បញ្ជាក់​ឡើង​វិញ​ផង​ដែរ​អំពី​ការ​វាយតម្លៃ​ដែល​លោក​បាន​ផ្ដល់​ជូន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​ថា លោក Trump លែង​ជា​ហានិភ័យ​ចម្លង​ជំងឺ​កូវីដ១៩ ដល់​អ្នក​ដទៃ​ហើយ។

លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ក្នុង​កម្មវិធី «Sunday Morning Futures» របស់​ទូរទស្សន៍ Fox News កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំ​បាន​ឈ្នះ​វីរុស​ឆ្កួត​ដ៏​អាក្រក់​របស់​ចិន​នេះ​ហើយ។ ខ្ញុំ​ទំនងជា​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​នេះ​ប្រហែល​ជា​រយៈពេល​វែង រយៈពេល​ខ្លី ឬ​ក៏​អាច​មួយ​ជីវិត​ក៏​ថា​បាន»៕