ការពិភាក្សាសម្រេចរបស់គណៈវិនិច្ឆ័យតុលាការនៅក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវគេរំពឹងថានឹងចាប់ផ្ដើម បន្ទាប់ពីមានបង្ហាញសារណាបិទបញ្ចប់ដ៏វីវក់អស់ពេលមួយថ្ងៃមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅថ្ងៃពុធនេះ គណៈវិនិច្ឆ័យតុលាការនឹងស្ដាប់ការណែនាំរបស់ចៅក្រមអំពីច្បាប់ដែលផ្ដោតលើសំណុំរឿងលុយបំបិទមាត់នេះនិងអំពីអ្វីដែលពួកគេអាចពិចារណានៅពេលដែលពួកគេវាយតម្លៃថាតើលោក Trump មានទោសឬគ្មានទោស។
រដ្ឋអាជ្ញាបាននិយាយថា លោក Trump បានបន្លំឯកសារអាជីវកម្មផ្ទៃក្នុងដើម្បីបិទបាំងករណីបង់លុយបំបិទមាត់នេះដែលជាប់ពាក់ព័ន្ធនឹងផែនការដែលគេចោទថាបិទបាំងរឿងរ៉ាវដែលអាចធ្វើឱ្យប៉ះពាល់ដល់ការប្រជែងតំណែងប្រធានាធិបតីរបស់លោកនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦។
លោក Trump បានបដិសេធថាលោកមិនបានធ្វើអ្វីខុសនោះទេ និងបានច្រានចោលបទចោទព្រហ្មទណ្ឌទាំង ៣៤ នេះ៕