ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Haley ថា​នឹង​បោះឆ្នោត​ឱ្យ​លោក Trump នៅ​ខែ​វិច្ឆិកា ទោះ​បី​ជា​ខ្វែង​គំនិត​គ្នា​ក្តី​


អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Nikki Haley ថ្លែង​នៅ​វិទ្យាស្ថាន Hudson ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Nikki Haley ថ្លែង​នៅ​វិទ្យាស្ថាន Hudson ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

អ្នកស្រី Nikki Haley បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកស្រី​នឹងបោះឆ្នោត​ឱ្យ​លោក Donald Trump នៅ​ក្នុង​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា ដែល​ជាការបង្ហាញ​ការគាំទ្រ​គួរឱ្យ​កត់​សម្គាល់ បន្ទាប់​ពី​អ្នក​ស្រី​និង​លោក Trump បាន​ឆ្លងកាត់​ការប្រកួតប្រជែងគ្នា​យ៉ាង​ខ្លាំងក្លាក្នុង​អំឡុងពេល​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ។

ប៉ុន្តែអ្នកស្រី Haley ក៏បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា អ្នកស្រី​យល់ថា​ លោក Trump មាន​កិច្ចកា​រជាច្រើន​ដែល​ត្រូវធ្វើ ដើម្បីឈ្នះ​ការ​ទុកចិត្ត​ពីអ្នកបោះឆ្នោតដែល​បាន​គាំទ្រអ្នក​ស្រី​ក្នុង​យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​បឋម​និង​បន្ត​បោះឆ្នោត​ឲ្យអ្នកស្រី​ នៅ​ក្នុងអំឡុង​ពេលការ​បោះឆ្នោត​បឋម​របស់​បក្ស។

អ្នកស្រី​ Haley ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​អង្គការសហ​ប្រជាជាតិ​របស់​រដ្ឋបាល​លោក Trump បានថ្លែង​ក្នុង​អំឡុង​ព្រឹត្តិការណ៍​មួយ​នៅ​ឯ​វិទ្យាស្ថាន Hudson នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថា៖ «ខ្ញុំនឹង​បោះឆ្នោត​ឱ្យ​លោក Trump»។

ការអត្ថាធិប្បាយ​នៅក្នុង​សុន្ទរកថាជា​សាធារណៈ​លើក​ដំបូង​របស់​អ្នកស្រី​ ចាប់តាំងពី​ចាកចេញ​ពីការប្រកួត​យក​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ​នេះ គឺជា​សញ្ញា​មួយ​ទៀត​នៃ​ការបង្រួប​បង្រួម​ការគាំទ្រ​ស្ទើរ​តែ​ពេញ​ទំហឹងពី​គណបក្សសាធារណរដ្ឋ​ដល់​លោក Trump រួម​ទាំង​អ្នកដែល​ធ្លាប់​ចាត់ទុក​លោក Trump ថា​ជា​ការ​គំរាម​កំហែង​ផងដែរ។

អ្នកស្រី Haley បានបោះបង់​ចោល​ការ​ប្រជែង​យកតំណែង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ​កាលពី​ពីរ​ខែ​មុន ក៏ប៉ុន្តែមិន​បាន​ប្រកាស​ការ​គាំទ្រ​ដល់​លោក Trump ភ្លាមៗ​នោះ​ទេ ដោយ​អ្នកស្រី​ធ្លាប់​បាន​ចោទ​លោក​ Trump ថាបង្កភាព​ចលាចល និង​មិនយក​ចិត្តទុកដាក់​លើសារៈ​សំខាន់​នៃសម្ព័ន្ធភាព​របស់​សហរដ្ឋអាមេរិក​នៅក្រៅ​ប្រទេស​ ហើយ​ថែម​ទាំង​បានចោទជា​សំណួរថាតើ​ លោក Trump ដែល​មានអាយុ ៧៧ ឆ្នាំ អាច​នឹង​ចាស់​ពេក​ក្នុង​ការធ្វើជា​ប្រធានាធិបតី​ម្តងទៀតឬយ៉ាងណា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG