ការលើកឡើង​របស់​លោក Trump ដោយ​គ្មាន​ភស្ដុតាង​ថា មាន​ការបន្លំ​សន្លឹកឆ្នោត ​រង​ការរិះគន់​ពី​គណបក្ស​ទាំងពីរ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បន្ទាប់ពី​បាន​ថ្លែង​នៅក្នុង​យប់​នៃ​ថ្ងៃ​បោះឆ្នោត ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​បន្ទប់ខាងកើត​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ពេល​ដែល​ទំនង​ជា​នឹង​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី​ Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ កំពុង​ទាម​ទារ​ឲ្យ​គេ​ជឿ​ពី​ការ​លើក​ឡើង​ជា​ច្រើន​ឆ្នាំ​មកហើយ​របស់​លោក​ថា មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីក្នុង​សប្ដាហ៍​នេះ។

លោក​ Trump បាន​ថ្លែង​នៅ​ក្នុង​សេតវិមាន​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ខណ:​ពេល​ដែល​ជ័យជម្នះ​នៃការ​បោះឆ្នោតនៅ​ក្នុង​រដ្ឋ​សំខាន់ៗ ​ចាប់​ផ្ដើម​ងាក​ទៅ​រក​គូប្រជែង​របស់​លោក​វិញ​នោះ យ៉ាងដូច្នេះថា៖ «នេះ​គឺ​ជា​ករណី​ដែល​ពួក​គេ​ព្យាយាម​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត»។

ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ដែល​ថា ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ ដែល​ជា​ការ​ប្រជែង​គ្នា​រវាង​លោក Trump និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ពុករលួយ​ ហើយ​សន្លឹក​ឆ្នោត​កំពុង​ត្រូវ​បាន​គេ​លួច​បន្លំ​ រង​ការ​រិះ​គន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​ផង និងពីសមាជិក​ជាច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ។

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ Pennsylvania លោក ​Pat Toomey ​បាន​ថ្លែងនៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ CBS This Morning ថា៖​ «សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​កាល​ពី​យប់​មិញ​រំខាន​ដល់​ខ្ញុំ​ខ្លាំងណាស់ ព្រោះ​លោក​ប្រធានាធិបតី​ បាន​ធ្វើការ​ចោទ​ប្រកាន់​ខ្លាំងៗ​ដោយ​គ្មាន​ភស្តុតាង​ទាល់​តែ​សោះ»។​

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ Utah​ លោក Mitt Romney ដែលជា​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​ ២០១២ និង​ជា​អ្នករិះគន់​លោក​ Trump មួយរូប​ បាន​និយាយថា លោក​ប្រធានាធិបតី​ គឺ​ត្រូវ ​ក្នុង​ការ​ទាម​ទារ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត នៅពេល​មាន​ភស្តុតាង​ ប៉ុន្តែ​លោក​ Trump ខុស ដែល​និយាយ​ថា ការ​បោះ​ឆ្នោត​មានការ​ក្លែងបន្លំ ពុក​រលួយ និង​ត្រូវ​បាន​គេ​លួចបន្លំ»។

ក៏​ប៉ុន្តែ អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Trump ការពារ​ការ​លើកឡើង​របស់​លោក។ លោក Kevin McCarthy មេដឹកនាំ​សំឡេង​ភាគតិច​នៃ​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ថែ្លង​លើ​កញ្ចក់​ទូរទស្សន៍ Fox News ថា៖ «លោក​ប្រធានាធិបតី Trump បាន​ឈ្នះ​ការបោះឆ្នោត​នេះ ដូច្នេះ​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់ សូម​កុំ​នៅ​ស្ងៀមស្ងាត់​អំពី​រឿង​នេះ»៕