មួយថ្ងៃក្រោយពីបានដកចេញពីតំណែងរបស់ប្រធានទីភ្នាក់ងារស៊ើបអង្កេតអំពីចំណងទាក់ទងរបស់រដ្ឋបាលលោកជាមួយប្រទេសរុស្ស៊ីមកលោកប្រធានាធិបតី Donald Trump បានទទួលលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov នៅឯសេតវិមានដើម្បីធ្វើការចរចាផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រទេសស៊ីរី។
លោក Trump បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្រោយជំនួបនេះថា «ខ្ញុំមានជំនួបមួយល្អណាស់ជាមួយលោក Lavrov។ ខ្ញុំយល់ថាជាការល្អប្រសើរណាស់»។
ដោយអង្គុយនៅក្នុងបន្ទប់រាងពងក្រពើដោយមានលោកអតីតរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា. Henry Kissinger អង្គុយនៅជិតលោក លោក Trump បាននិយាយផ្តល់សេចក្តីល្អិតល្អន់បន្តិចបន្តួចអំពីការពិភាក្សារបស់លោកជាមួយអ្នកការទូតរុស្ស៊ីរូបនេះ។ លោកប្រធានាធិបតីបានថ្លែងថា «ខ្ញុំយល់ថាយើងនឹងចាត់វិធានការល្អប្រសើរអំពីបញ្ហាប្រទេសស៊ីរី។ ខ្ញុំយល់ថាអ្វីដែលកំពុងកើតមានឡើងមានភាពវិជ្ជមានពិតប្រាកដ។ យើងនឹងបញ្ឈប់ការសម្លាប់ និងការស្លាប់របស់មនុស្ស»។
ទស្សនកិច្ចរបស់លោក Lavrov ជាជំនួបកម្រិតខ្ពស់បំផុតដែលលោក Trump បានធ្វើជាមួយមន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលក្រុងមូស្គូចាប់តាំងពីលោកបានចូលកាន់តំណែង ហើយជំនួបនេះបានធ្វើឡើងមួយខែក្រោយពេលលោកប្រធានាធិបតីបាននិយាយថា ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូមានកម្រិតទាបបំផុតជាងពេលណាៗទាំងអស់។ ពួកមន្ត្រីស.រ.អា. និងរុស្ស៊ីបាននិយាយថា កំពុងមានការពិភាក្សាគ្នាអំពីលទ្ធភាពនៃជំនួបមួយរវាងលោក Trump និងលោក Putin នៅខាងក្រៅសន្និសីទកំពូលនៃក្រុមប្រទេស G-20 នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែកក្កដាខាងមុខនេះ៕