តួនាទី​លោក Trump នៅ​ក្នុង​នយោបាយ​គណបក្ស​សាធារណរដ្ឋ​មិន​ច្បាស់លាស់​ ក្រោយ​​លោក​​រួចទោស

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump លើក​ដៃ​លា ពេល​លោក​ឡើង​ជិះ​យន្ដហោះ​ដឹក​ប្រធានាធិបតី Air Force One ទៅ​កាន់​ក្រុង Harlingen រដ្ឋ Texas ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ជោគ​វាសនា​នយោបាយ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ឥឡូវ​នេះ​មាន​ភាព​មិន​ប្រាកដប្រជា​ ទោះបី​ព្រឹទ្ធសភា​បាន​ឲ្យ​លោក​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​កាល​ពី​ខែ​មុន​ ដោយ​បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​រាប់រយ​នាក់​ទៅ​ប្រឈម​តតាំង​នឹង​សមាជិក​សភា​នៅ​ឯ​វិមាន​សភាអាមេរិក​ ដែល​ពេល​នោះប្រកាស​ថា លោក Trump បាន​ចាញ់​ឆ្នោត​លោក Biden ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ភ្លាមៗ​បន្ទាប់​ពី​ព្រឹទ្ធសភា​បោះឆ្នោត​៥៧​សំឡេង​ទល់​នឹង​៤៣​សំឡេង​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ដាក់​ទោស​លោក Trump ក៏ប៉ុន្តែ​មិន​បានសម្រេច​ដោយ​មិន​គ្រប់៦៧​សំឡេងដើម្បី​ដាក់​ទោស​បាន​នោះ លោក​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​និយាយ​ថា លោក​មិន​ទាន់បញ្ចប់​ជីវិត​នយោបាយ​ឡើយ។ លោក Trump មិន​បានទម្លាយឱ្យ​ដឹងថា តើ​លោក​អាច​ប៉ុនប៉ង​ឈរឈ្មោះ​ជាប្រធានាធិបតី​ម្តង​ទៀត​នៅ​ឆ្នាំ​២០២៤ឬទេ។

រដ្ឋសភា​បាន​ចោទប្រកាន់លោក Trump កាល​ពី​ខែ​មករា​ពី​បទ​ចោទ​តែ​មួយ​គត់​ ពី ​«ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ»។ ​

លោក Trump បាន​ហៅ​រឿងក្តី​កាត់ទោស​ប្រឆាំង​លោក​ថា​ជា «ដំណាក់កាលមួយ​ទៀត​នៃ​ការ​ស្វែង​រក​កំហុស​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។ មិន​មាន​ប្រធានាធិបតី​ណា​[ពី​មុន] បាន​ឆ្លង​កាត់​ដូច​នេះ​ទេ»។

មន្ត្រី​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ដូច​ជា​លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ពី​រដ្ឋ South Carolina ថា​លោក​ Trump នៅ​តែ​ជា​កម្លាំង​នយោបាយ​ដ៏​ខ្លាំង។ ប៉ុន្តែ​មន្ត្រី​បក្ស​ផ្សេង​ទៀត​ដូច​លោក Larry Hogan អភិបាល​រដ្ឋ Maryland មិន​ប្រាកដ​ប្រជា​អំពី​ឥទ្ធិពល​នយោបាយ​បន្ត​ទៀត​របស់​លោក Trump​ ទេ។

ការ​ស្ទង់​មតិ​ជាតិ​បាន​បង្ហាញ​ថា ពួក​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​នៅ​តែ​គាំទ្រ​លោក Trump ៕