លោក Hayden រិះគន់លោក Trump រឿងដកសិទ្ធិលោក Brennan នៅក្នុងការទទួលបានព័ត៌មានសម្ងាត់

លោក ត្រាំ ថ្លែងនៅក្នុងសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២២ សីហា ឆ្នាំ ២០១៨។

អតីតប្រធានទីភ្នាក់ងារ CIA លោក Michael Hayden បាននិយាយថា ការសម្រេចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងការដកសិទ្ធិរបស់អតីតប្រធានទីភ្នាក់ងារ CIA លោក John Brennan មិនឲ្យទទួលបានព័ត៌មានសម្ងាត់ គឺមានលក្ខណៈមិនប្រជាធិបតេយ្យ និងជាការគំរាមកំហែងចំពោះ «ដំណើរការដ៏ទូលំទូលាយនៃវិធីគ្រប់គ្រងប្រទេសរបស់រដ្ឋាភិបាលអាមេរិក‍»។

លោក Hayden បានប្រាប់ VOA ថា លោក Brennan មិនបានធ្វើផ្ទុយទៅនឹងចំណុចណាមួយនៃលក្ខខណ្ឌទាំង ១៣ ចំណុច ដែលមានស្រាប់សម្រាប់ដកសិទ្ធិរបស់នរណាម្នាក់នៅក្នុងការទទួលបានព័ត៌មានសម្ងាត់នោះទេ ហើយលោក Trump ធ្វើការសម្រេចចិត្តដូចនេះគឺដោយសារតែការថ្លែងបែបនយោបាយរបស់លោក Brennan។

លោក Brennan បានរិះគន់យ៉ាងខ្លាំងក្លា និងជាអ្នកហ៊ាននិយាយចំពោះទង្វើរបស់លោក Trump។ ជាឧទាហរណ៍ លោកបានហៅការសម្ដែងឡើងរបស់លោក Trump នៅឯសន្និសីទព័ត៌មានរួមគ្នាមួយកាលពីខែមុនជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងប្រទេសហ្វាំងឡង់ថា «គ្មានអ្វីក្រៅពីទង្វើក្បត់ជាតិ‍» នោះទេ។

កាលពីសប្ដាហ៍មុន នៅក្នុងការឆ្លើយតបទៅនឹងសារតាម Twitter របស់លោក Trump ដែលហៅអ្នកស្រី Omarosa Manigault Newman ដែលជាអតីតទីប្រឹក្សារបស់លោកថាជា «ឆ្កែ‍» នោះ លោក Brennan បាននិយាយអំពីលោក Trump ថា៖ «វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ដែលជារឿយៗអ្នកមិនបានបំពេញទៅតាមគោលការណ៍ទាបបំផុតនៃសុភាវធម៌ សេចក្ដីគួរសម និងសុចរិតភាព»។

បន្ទាប់ពីលោក Brennan បាននិយាយដូច្នេះអំពីលោក Trump បានមួយថ្ងៃមក លោក Trump បានដកសិទ្ធិរបស់លោក Brennan នៅក្នុងការទទួលបានព័ត៌មានសម្ងាត់ ដោយចោទប្រកាន់លោក Brennan ថាបានបង្កឲ្យមាននូវ «ការបែកបាក់ និងចលាចល‍» សម្រាប់រដ្ឋបាលរបស់លោក និងជាអ្នកមាន «ប្រវត្តិមិនច្បាស់ទាក់ទិននឹងភាពមិនលំអៀង និងភាពគួរឲ្យជឿទុកចិត្តបាន‍»៕