គម្រោងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងការធ្វើដំណើរទៅកាន់ទីក្រុង El Paso រដ្ឋ Texas ដែលជាទីក្រុងជាប់ព្រំដែនជាមួយនឹងប្រទេសម៉ិកស៊ិក នៅថ្ងៃចន្ទនេះ បានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលថវិកាចំណាយរបស់រដ្ឋាភិបាលសហព័ន្ធអស់ម្ដងទៀត និងស្របពេលដែលមានការសង្ស័យកើនឡើងពាក់ព័ន្ធនឹងការគំរាមកំហែងមិនច្បាស់លាស់ជាបន្តរបស់លោក Trump នៅក្នុងការប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ន ប្រសិនបើសភាមិនព្រមអនុម័តថវិកាចំណាយសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនដូចដែលលោកចង់បាន។
លោក Mick Mulvaney នាយខុទ្ទកាល័យសេតវិមាន បានបញ្ជាក់នៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «លោកប្រធានាធិបតីពិតជាជឿថា មានវិបត្តិសន្តិសុខជាតិ និងវិបត្តិមនុស្សធម៌នៅឯព្រំដែន ហើយយើងនឹងធ្វើអ្វីមួយដើម្បីដោះស្រាយរឿងនេះ។ លោកនឹងធ្វើអ្វីដែលលោកអាចតាមផ្លូវច្បាប់ ដើម្បីជួយសង្គ្រោះព្រំដែន»។
លោក Mark Meadows សមាជិករដ្ឋសភាប្រចាំរដ្ឋ North Carolina ខាងគណបក្សសាធារណរដ្ឋ បានបញ្ជាក់នៅក្នុងកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS ថា៖ «ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតីនឹងចាត់វិធានការប្រធានាធិបតីមួយចំនួន ដែលក្នុងនោះក៏មានការប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្នផងដែរ... ប្រសិនបើយើងដែលជាសមាជិកសភាមិនព្រមព្រៀងគ្នារឿងសន្តិសុខព្រំដែន។ លោកប្រធានាធិបតី Trump នឹងសាងសង់ជញ្ជាំង ទោះតាមវិធីណាក៏ដោយ»។
គណបក្សប្រជាធិបតេយ្យបានទទូចថា នៅមានពេលសម្រាប់សភាដែលមានការខ្វែងគំនិតគ្នាខាងនយោបាយនេះ បង្កើត និងអនុម័តច្បាប់ថវិកាដែលពង្រឹងនៅភាគខាងត្បូងសហរដ្ឋអាមេរិក។
លោក Jon Tester សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Montana ខាងគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់នៅក្នុងកម្មវិធី Fox News កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «គ្មាននរណាម្នាក់ចង់ឲ្យមានការបិទរដ្ឋាភិបាលនោះទេ។ គ្មាននរណាម្នាក់ចង់ឲ្យប្រធានាធិបតីប្រើអំណាចដាក់ប្រទេសក្នុងភាពអាសន្ននោះទេ។ យើងចាំបាច់គ្រាន់តែធ្វើកិច្ចការរបស់យើងតែប៉ុណ្ណោះ ហើយយើងអាចធ្វើវាបាន»៕