លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃចន្ទ ហើយនៅពេលដែលពួកអ្នកកាសែតបានត្រូវគេអនុញ្ញាតឲ្យចូលក្នុងបន្ទប់ក្នុងរយៈពេលខ្លីនៅពេលចាប់ផ្តើមជំនួបអ្នកកាសែតម្នាក់បានសួរនាយអគ្គសេនាធិការកងទ័ពអំពីប្រតិកម្មរបស់លោកចំពោះការសាកល្បងកាំជ្រួច ICBM ដោយប្រទេសកូរ៉េខាងជើង។ លោកប្រធានាធិបតីត្រាំបានថ្លែងថា៖ «យើងនឹងដោះស្រាយបញ្ហាកូរ៉េខាងជើង។ យើងនឹងអាចដោះស្រាយបញ្ហានេះ។ បញ្ហានេះនឹងត្រូវដោះស្រាយ។ យើងនឹងដោះស្រាយបញ្ហាអ្វីៗទាំងអស់»។
តើការដោះស្រាយនេះរួមមានចំណាត់ការខាងយោធាដែរឬទេ? ការបញ្ជាក់ពីបញ្ហានេះកើតមានឡើងប៉ុន្មានម៉ោងក្រោយមកក្នុងអំឡុងនៃការធ្វើសន្និសីទប្រចាំថ្ងៃនៅសេតវិមាន។ លោកស្រី Sara Sander អ្នកនាំពាក្យសេតវិមានបានថ្លែងថា៖ «ដូចដែលយើងបាននិយាយជាច្រើនដងកាលពីពេលមុនហើយថាលោកប្រធានាធិបតីនឹងមិនផ្សព្វផ្សាយការសម្រេចចិត្តណាមួយទេ ក៏ប៉ុន្តែ លោកប្រធានាធិបតីពិចារណាអំពីជម្រើសទាំងអស់»។
លោក Joel Wit ជាអ្នកវិភាគដែលបានទាក់ទិនក្នុងនិងក្រៅរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហារីកសាយអាវុធរបស់កូរ៉េខាងជើងអស់រយៈពេល២០ឆ្នាំបាននិយាយថា មានសំណើមិនប្រាកដនិយមជាច្រើនស្តីពីថាតើត្រូវដោះស្រាយវិបត្តិនោះយ៉ាងដូចម្តេចហើយវាជាពេលវេលាដើម្បីឈប់គិតបែបនោះ។ លោក Joel Wit នៃវិទ្យាស្ថានសហរដ្ឋអាមេរិកនិងកូរ៉េនិយាយថា៖ «អ្វីដែលលោក អ្នក ត្រូវធ្វើគឺការខំព្យាយាម អង្គុយចុះ ហើយពិនិត្យមើលអ្វីដែលអាចធ្វើបាន។ ហើយប្រសិនបើមិនអាចធ្វើបាន វាមិនអាចមានការសន្ទនាដែលប្រកបដោយផ្លែផ្កាទេ បន្ទាប់មកលោក អ្នក មានកត្តានៃយុទ្ធសាស្ត្រផ្សេងទៀតរបស់លោក អ្នក ដែលលោក អ្នក អាចប្រើប្រាស់ឧទាហរណ៍ដូចជាការពារខ្លួនឯង»។
ទោះជាយ៉ាងណាក៏ដោយ ពួកមន្ត្រីរដ្ឋបាលរបស់លោកត្រាំ និយាយថា ហួសពេលពិភាក្សាគ្នាអំពីបញ្ហានេះហើយ។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកកំពុងឆ្លើយតបទៅនឹងការសាកល្បងកាំជ្រួចផ្លោងនេះ ហើយបានបាញ់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រលើឧបទ្វីបកូរ៉េ។ ក្នុងខណៈនោះដែរ សមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងត្រូវបានគេគ្រោងធ្វើឡើងនៅខែសីហានេះដែលជានិច្ចកាលបណ្តាលឲ្យមានការគំរាមកំហែងថ្មីៗពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង៕
ប្រែសម្រួលដោយជឹង ប៉ូជីន