លោក ត្រាំ ប្រកាស​ទទួល​ស្គាល់​ទីក្រុង Jerusalem ថា​ជារដ្ឋធានី​របស់​អ៊ីស្រាអែល ស្រប​ពេល​មាន​ប្រតិកម្ម​អវិជ្ជមាន​ពី​ប្រទេស​ផ្សេងៗ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​ទទួល​ស្គាល់​ក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ជា​ផ្លូវ​ការ​ នៅ​ក្នុង​បន្ទប់​ទទួល​អាហារ​ការ​ទូត​ ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ​ថ្លែង​ថា​ សហរដ្ឋអាមេរិក​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​ ទីក្រុង Jerusalem គឺ​ជា​រដ្ឋធានី​អ៊ីស្រាអែល​ និង​ចាប់ផ្តើម​ដំណើរ​ការ​ប្តូរ​ស្ថានទូត​អាមេរិក​ចេញ​ពី​ទីក្រុង Tel Aviv ដែល​ជា​ការ​វិវត្ត​មួយ​ បង្ក​ឲ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​ជាច្រើន​ពី​ជុំវិញ​ពិភពលោក។

លោកត្រាំ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ទីក្រុង Jerusalem មិនមែន​គ្រាន់​តែ​ជា​បេះដូង​របស់​សាសនា​ដ៏​អស្ចារ្យ​ទាំង​បី​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​ទីក្រុង​នេះ​ក៏​ជា​បេះដូង​របស់​ប្រទេស​លិទ្ធិប្រជាធិបតេយ្យ​ដ៏​ជោគជ័យ​មួយ​ ក្នុង​ចំណោម​ប្រទេស​លិទ្ធិប្រជាធិបតេយ្យ​នានា​ក្នុង​ពិភពលោក​ផងដែរ។ អស់​រយៈ​ពេល​ជាង៧ទសវត្សរ៍​កន្លង​មកនេះ ពលរដ្ឋ​អ៊ីស្រាអែល​បាន​កសាង​ប្រទេស​នេះ ​ជា​កន្លែង​សម្រាប់​ពួកជ្វីហ្វ​ អ្នក​កាន់​សាសនា​ឥស្លាម​ អ្នកកាន់​សាសនា​គ្រិស្ត និង​ពលរដ្ឋ​ដែល​មាន​ជំនឿ​ផ្សេងៗ​ទាំងអស់​រស់​ និង​គោរព​តាម​សាសនា​នានា​ដែល​គេ​ជឿជាក់​ដោយ​សេរី​ តាម​មនសិការ​ និង​ជំនឿ​របស់​ពួកគេ។

លោក​បានសង្កត់​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក «នៅ​តែ​រក្សា​ការប្តេជ្ញា​ចិត្ត​ជួយ​សម្របសម្រួល​ដល់​ដំណើរសន្តិភាព​ដែល​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​អាច​ទទួល​យក​បាន។ ខ្ញុំ​នឹងធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្ញុំ​ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ»។ បណ្តា​ប្រទេស​អារ៉ាប់​ និង​ប្រទេស​មាន​ពលរដ្ឋ​កាន់​សាសនា​ឥស្លាម​ បាន​ព្រមាន​ថា ការ​សម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​នេះ​ អាច​បញ្ឆេះ​ឲ្យ​មាន​ភាពតានតឹង​នៅក្នុង​តំបន់​ និង​បំផ្លាញ​កិច្ចខំ​ប្រឹងប្រែងរបស់​សហរដ្ឋអាមេរិក​ដើម្បី​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​អារ៉ាប់​ អ៊ីស្រាអែល។ ពលរដ្ឋ​ប៉ាឡេស្ទីន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ចំនួន​បី​ថ្ងៃ​ប្រឆាំង​ទៅ​នឹង​ផែនការ​របស់​លោកត្រាំ៕