ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមច្រានចោលសេចក្តីរាយការណ៍ថា សេតវិមានកំពុងស្ថិតនៅក្នុងភាពជ្រួលច្របល់។
លោកប្រធានាធិបតី ត្រាំ បានសរសេរនៅក្នុងអត្ថាធិប្បាយតាមប្រព័ន្ធ Twitter របស់ លោកថា៖ «កុំឲ្យព័ត៌មានក្លែងក្លាយប្រាប់អស់លោកអ្នកថា មានការឈ្លោះប្រកែកយ៉ាងខ្លាំងនៅក្នុងរដ្ឋបាលរបស់ ត្រាំ នោះ។ យើងកំពុងធ្វើការស្រុះស្រួលគ្នាយ៉ាងខ្លាំងហើយកំពុងសម្រេចកិច្ចការធំៗ»។
លោកប្រធានាធិបតី ត្រាំ បានផ្តល់អត្ថាធិប្បាយរបស់លោកបន្ទាប់ពីមានសេចក្តីរាយការណ៍អស់រយៈពេលជាច្រើនថ្ងៃនៅក្នុងបណ្តាញព័ត៌មានសំខាន់ៗរបស់សហរដ្ឋអាមេរិកថា លោកបានខឹងសម្បាបុគ្គលិករបស់លោកចំពោះចំណាត់ការនៃរឿងចម្រូងចម្រាស់ដែលបានពាក់ព័ន្ធនឹងរូបលោក។
ជម្លោះភាគច្រើនបានផ្តោតលើសកម្មភាពរបស់លោកប្រធានាធិបតី ត្រាំ ឬអ្នកជំនួយការរបស់លោក ដែលមិនបានការពារការអះអាងដោយគ្មានភស្តតាងរបស់លោកត្រាំថា អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានដាក់ប្រដាប់លួចថតសំឡេងនៅទីស្នាក់ការ Trump Tower របស់លោកនៅក្នុងទីក្រុងញូវយ៉ក កាលពីឆ្នាំទៅ ហើយនិងការទាក់ទងរបស់អ្នកជំនួយការលោកជាមួយរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកាឆ្នាំទៅ។
តាមទ្វាបង្អួច ម៉ាស៊ីនថតរបស់ទូរទស្សន៍ខ្សែកាប CNN បានថតរូបភាព ក៏ប៉ុន្តែ មិនមានសំឡេងនៃការផ្លាស់ប្តូរសំដីគ្នាដ៏ក្តៅគគុកកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅខាងក្នុងការិយាល័យរាងពងក្រពើនៅសេតវិមានរវាងប្រធានាធិបតី ត្រាំ និងពួកអ្នកជំនួយការរបស់លោកទេ។
ការជ្រួលច្របល់របស់សេតវិមានបានត្រូវរាយការណ៍ថា ប្រធានាធិបតី ត្រាំ បានអាក់អន់ចិត្តដែលលោក Jeff Sessions រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានដកខ្លួនរបស់លោកចេញពីការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌នៅក្នុងការសន្និដ្ឋានរបស់សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកថា ប្រទេសរុស្ស៊ីបានលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ក្នុងការខំប្រឹងប្រែងមួយដើម្បីជួយឲ្យលោកត្រាំឈ្នះឆ្នោត៕