លោក Trump ជួបជុំ​ជាមួយ​នឹង​អ្នក​គាំទ្រ​បន្ទាប់​ពី​មាន​ការ​បង្កើត​គណៈវិនិច្ឆ័យ​ពិនិត្យ​បញ្ហា​ពាក់ព័ន្ធ​របស់​រុស្ស៊ី

លោក Robert Mueller ដែល​ជា​ទីប្រឹក្សា​ពិសេស​លើ​ការ​ស៊ើបអង្កេត​ការ​ពាក់ព័ន្ធ​របស់​រុស្ស៊ី​ចាកចេញ​ពី​វិមាន​សភា Capitol Hill បន្ទាប់​ពី​មាន​កិច្ចប្រជុំ​បិទ​ទ្វារ​មួយ​កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ក្នុង​រដ្ឋ​ West Virginia កាល​ពីយប់ថ្ងៃ​ព្រហស្បតិ៍​ ប្រធានាធិបតី​ Donald Trump បាន​ហៅ​រឿង​អំពី​ចំណង​ទាក់ទង​នៃ​ពួក​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​គាត់​ជាមួយ​ប្រទេស​រុស្ស៊ីថា​ជា​ «ការ​ប្រឌិត​ទាំង​ស្រុង» ដែល​បាន​ធ្វើឱ្យ​ពួក​អ្នក​ប្រឆាំង​នឹង​គាត់​ខាង​នយោបាយ​មាន​អារម្មណ៍​ល្អ​ជាង​មុន​នៅ​ក្រោយ​ពួក​គេ​ទទួល​បរាជ័យ​នៅ​ក្រោយ​ការបោះឆ្នោត​កាល​ពី​ឆ្នាំទៅ​មិញ។​

កាសែត​ The Wall Street Journal បាន​រាយការណ៍​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នោះថា​លោក Robert Mueller ទីប្រឹក្សា​ពិសេស​បាន​បង្កើត​គណៈវិនិច្ឆ័យ​មួយ​ដោយ​បាន​បង្កើន​ការ​ស៊ើបអង្កេត​របស់​លោក​បាន​ច្រើន​ក្រាស់ក្រែល​អំពីការ​ជ្រៀតជ្រែក​របស់​រុស្ស៊ីក្នុង​ការ​បោះឆ្នោត​ក្នុង​ស.រ.អា.​កាលពី​ឆ្នាំ​ទៅ​មិញ។

លោក Trump បាន​និយាយ​នៅ​ពេល​មាន​ការ​ទះ​ដៃ​អបអរសាទរ​នៅ​ Huntington ថា «ពួក​គេ​ខិតខំ​ព្យាយាម​បោកប្រាស់​លោកអ្នក​អំពី​មេដឹកនាំ​ដែល​លោកអ្នក​ចង់​បាន​ជាមួយ​ការ​ប្រឌិត​រឿង​មិន​ពិត។ នេះ​ជា​ការ​បន្តុះបង្អាប់​យើង​ទាំង​អស់គ្នា»។

លោក Trump បាន​និយាយ​អំពី​ការស៊ើបអង្កេត​ដោយ​លោក​ទីប្រឹក្សា​ពិសេស​ថា «ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ថា​ការ​សន្មត់​ចុងក្រោយ​បង្អស់​ជា​ការ​សន្មត់​មួយ​ទៀង​ត្រង់​គ្មាន​លាក់លៀម​ដោយ​ពិត​ប្រាកដ»។

លោក​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​និយាយ​បន្ថែម​ថា «ពួក​រដ្ឋអាជ្ញា​គួរ​ពិនិត្យ​មើល​អំពី​អ៊ីម៉ែល​៣ម៉ឺន​៣ពាន់​របស់​លោកស្រី​ Hillary Clinton ដែល​បាន​ត្រូវ​លុបចោល»៕