កិច្ច​ប្រជុំ​រវាង​លោក​ត្រាំ និង​លោក ពូទីន ត្រូវ​បាន​គេ​តាមដាន​យ៉ាង​ជិត​ស្និទ្ធ​ប៉ុន្តែ​នៅ​ច្បាស់​អំពី​របៀបវារៈ​

រូប​ថតបញ្ចូល​គ្នា​រវាង​ប្រធានាធិបតី​រុស្សី Vladimir Putin និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​Donald Trump។

កិច្ចប្រជុំ​ផ្ទាល់​ដំបូង​បង្អស់​រវាង​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​ប្រធានាធិបតី​រុស្ស៊ី លោកVladimir Putin នឹង​ធ្វើ​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់បន្សំ​នៃ​កិច្ចប្រជុំ​កំពូល​ G-20 នៅ​ក្នុង​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។ រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង​បាន​និយាយ​ថា អំពើ​ភេរវកម្ម បញ្ហា​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ុយក្រែន នឹង​ជា​របៀបវារៈ​កំពូល​របស់​ពួកគេ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។ ​

សេតវិមាន​និយាយ​ថា លោក​ប្រធានាធិបតី Trump នឹង​សម្រេច​ថា​តើ​នឹង​ពិភាក្សា​ទៅ​លើ​អ្វី ហើយ​បាន​ហៅ​កិច្ចប្រជុំ​នេះ​ថា​ជា ​«កិច្ចប្រជុំ​ទ្វេភាគី​ធម្មតា​មួយ‍»។ ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា លោក Trump អាច​លើក​យក​ប្រធានបទ​ណា​មក​ពិភាក្សា​ក៏​បាន។

លោក Steve Sestanovich នៃ​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​បាន​ថ្លែង​ថា «លោក​អាច​នឹង​សម្រេចចិត្ត​ថា​លោក​ចង់ពិភាក្សា​អំពី​អ្វី‍។ ហើយ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​ប្រជុំ​នេះ។ នេះ​គឺ​ជា​ស្ទីល​របស់​គាត់‍»។​

ប៉ុន្តែ​ការ​ស៊ើបអង្កេត​ដែល​នៅ​តែ​បន្ត​ទៅ​លើ​យុទ្ធនាការ​របស់​លោក Trump ដែល​ចោទប្រកាន់​ថា​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី អាច​ប៉ះពាល់​ទៅ​លើ​ក្តី​រំពឹង​របស់​រដ្ឋបាល​ចំពោះ​កិច្ចប្រជុំ​នេះ ដែល​ថា អាច​ជួយ​ឲ្យ​ទំនាក់ទំនង​ប្រសើរ​ឡើង។

លោកស្រី Hannah Thoburn នៃ​វិទ្យាស្ថាន Hudson ថ្លែង​ថា «អ្វី​ដែល​កើតឡើង​រវាង​លោក Trump និង​លោក Putin នឹង​ត្រូវ​លាត​ត្រដាង។ តើ​លោក Trump គ្រាន់​តែ​ចង់​បង្ហាញ​ថា លោក​ម៉ឺងម៉ាត់​ចំពោះ​រុស្ស៊ី ដើម្បី​ឲ្យ​អ្នក​រិះគន់​លោក​នៅ​ក្នុង​ប្រទេស​ស្ងៀមស្ងាត់​ឬ​យ៉ាង​ណា? ខ្ញុំ​គិត​ថា យើង​នឹង​ទទួល​បាន​ចម្លើយ​លើ​សំណួរ​ទាំង​នោះ​ក្នុង​ពេល​ឆាប់ៗ​នេះ‍»៕