សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានបដិសេធមិនផ្សព្វផ្សាយនូវចំណុចលម្អិតអំពីកិច្ចសន្ទនាពិសាអាហារពេលល្ងាចនៃកិច្ចប្រជុំ G ២០ ដែលធ្វើឡើងកាលពីដើមខែនេះ រវាងលោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បានប្រាប់អ្នកសារព័ត៌មានដែលសង្កត់សួរលោកស្រីកាលពីថ្ងៃពុធម្សិលមិញអំពីប្រធានបទដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នា ថា៖ «នេះគ្រាន់តែជាការពិសាអាហារពេលល្ងាចជាលក្ខណៈធម្មតាតែប៉ុណ្ណោះ»។
បើក្រឡេកមើលទៅលើសេចក្ដីរាយការណ៍នានាអំពីជំនួបរវាងលោក Trump និងលោក Putin កាលពីមួយថ្ងៃមុន ដែលជាពេលដែលជំនួបនេះត្រូវបានដឹងជាសាធារណៈនៅក្នុងសហរដ្ឋអាមេរិក លោកស្រី Sanders បាននិយាយថា វាគួរឲ្យអស់សំណើចបន្តិចដែលពណ៌នាកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ ថាជាកិច្ចសន្ទនាឯកជននោះ ដោយសារតែនៅពេលនោះ មេដឹកនាំប្រទេសផ្សេងៗ និងអ្នកបកប្រែជាង ២០ នាក់ទៀត អង្គុយនៅជិតនោះ។
ប៉ុន្តែ អតីតអ្នកការទូត អ្នកអត្ថាធិប្បាយនយោបាយ និងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនានា បានបញ្ជាក់ម្ដងហើយម្ដងទៀតដូចៗគ្នា កាលពីថ្ងៃពុធម្សិលមិញថា ជំនួបនេះមិនមែនជាជំនួបធម្មតានោះទេ។
មន្ត្រីនានាដែលធ្វើដំណើរជាមួយលោក Trump នៅពេលនោះ មិនបានលើកឡើងអំពីកិច្ចសន្ទនាពេលពិសាអាហារពេលល្ងាចនោះទេ។ អ្នកយកព័ត៌មាន និងអ្នកថតរូប មិនត្រូវបានគេអនុញ្ញាតឲ្យមានវត្តមាននៅពេលនោះទេ ហើយសេតវិមានមិនបានផ្សព្វផ្សាយនូវចំណុចលំអិតអំពីការជួបសន្ទនារបស់លោក Trump ជាមួយនឹងមេដឹកនាំប្រទេសផ្សេងៗ ក៏ដូចជាជាមួយនឹងលោក Putin ផងដែរ៕