លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានទទួលការស្វាគមន៍ដ៏កក់ក្តៅនៅក្នុងកិច្ចប្រជុំរបស់ពួកអ្នកអភិរក្សនិយមនៅក្បែររដ្ឋធានីវ៉ាស៊ីតោន និងបានស្វែងរកការគាំទ្រគំនិតផ្តួចផ្តើមដ៏ចម្រូងចម្រាសមួយ ដែលឲ្យផ្តល់អាវុធដល់គ្រូបង្រៀនដើម្បីការពារហេតុការណ៍បាញ់ប្រហារនៅតាមសាលារៀននៅពេលអានាគត។ លោក ដូណាល់ ត្រាំ បានថ្លែងថា៖ «ខ្ញុំចង់បញ្ឈប់វា ហើយខ្ញុំដឹងថាវាហាក់ដូចជាមានភាពចម្រូងចម្រាសបន្តិចនៅពេលលើកឡើងពីគំនិតនេះ ប៉ុន្តែចាប់តាំងពីខ្ញុំចាប់ផ្តើមលើកឡើងពីគំនិតនេះ២ថ្ងៃកន្លងទៅនេះមនុស្សជាច្រើនដែលបានជំទាស់នឹងគំនិតនេះ ឥឡូវនេះចាប់ផ្តើមយល់ស្របវិញហើយ។ ពួកគេស្រឡាញ់សិស្សរបស់គេ និងមិនចង់ឲ្យសិស្សរបស់ពួកគេត្រូវគេសម្លាប់និងធ្វើឲ្យគ្រោះថ្នាក់នោះទេ»។
បន្ទាប់ពីហេតុការណ៍បាញ់សម្លាប់នៅវិទ្យាល័យក្នុងរដ្ឋ Florida មកលោក ត្រាំ ប្រឈមនឹងសម្ពាធជាច្រើនឲ្យចាត់វិធានការណ៍ដោះស្រាយ ដូចទៅនឹងអតីតប្រធានាធិបតីមុនៗដែលធ្លាប់ប្រឈមនឹងសោកនាដកម្មកើតឡើងស្រដៀងគ្នានេះ ដែលមានដូចជាលោកអតីតប្រធានាធិបតី Bill Clinton៖ «នៅយប់នេះខ្ញុំគ្រាន់តែអាចប្រកាសថា ការបួងសួងរបស់ពលរដ្ឋអាមេរិកទៅដល់ជនងគ្រោះទាំងអស់»។
លោកអតីតប្រធានាធិបតី Bill Clinton បានថ្លែងទៅកាន់ពលរដ្ឋបន្ទាប់ពីហេតុការណ៍បាញ់ប្រហារកាលពីឆ្នាំ១៩៩៩ នៅក្នុងវិទ្យាល័យ Columbine ក្នុងរដ្ឋ Colorado។
លោកអតីតប្រធានាធិបតី George W. Bush បានថ្លែងចូលរួមរំលែកទុក្ខ និងបួងសួងដល់ជនរងគ្រោះនៅក្នុងហេតុការណ៍បាញ់សម្លាប់រង្គាលនៅក្នុងសកលវិទ្យាល័យ Virginia Tech កាលពីឆ្នាំ២០០៧។ លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន ថ្លែងយ៉ាងក្រៀមក្រំទៅកាន់ប្រជាពលរដ្ឋបន្ទាប់ពីហេតុការណ៍បាញ់សម្លាប់សិស្សសាលាជាច្រើននៅក្នុងសាលាបឋមសិក្សាក្នុងទីក្រុង Newtown រដ្ឋ Connecticut កាលពីឆ្នាំ២០១២។ លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ាបាន ថ្លែងថា៖ «យើងបានរងគ្រោះដោយសារសោកនាដកម្មជាច្រើនក្នុងរយៈពេលពីរបីឆ្នាំមកនេះ។ អ្នកដែលបានស្លាប់នៅថ្ងៃនេះភាគច្រើនគឺជាកុមារ គឺជាកុមារតូចៗគួរឲ្យស្រឡាញ់អាយុពី៥ឆ្នាំទៅ១០ឆ្នាំ»។
កាលពីសប្តាហ៍មុនលោកប្រធានាធិបតី ដូណាល់ ត្រាំបានស្តាប់ពីអារម្មណ៍តក់ស្លុត របស់សិស្សសាលានិងឳពុកម្តាយរបស់សិស្ស រួមទាំងសិស្សឈ្មោះ Samuel Zeif ជាអ្នកដែលបានរួចផុតពីការស្លាប់នៅក្នុងហេតុការណ៍បាញ់សម្លាប់នៅចំថ្ងៃទិវានៃក្តីស្រឡាញ់ ក្នុងវិទ្យាល័យក្នុងទីក្រុង Parkland រដ្ឋ Florida។ សិស្សឈ្មោះ Samuel Zeif បាននិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំបានបាត់បង់មិត្តភក្តិជិតស្និទរបស់ខ្ញុំ ជាអ្នកដែលខ្ញុំស្រឡាញ់ដូចជាបងប្អូនប្រុសរបស់ខ្ញុំ ហើយខ្ញុំមកទីនេះដើម្បីបញ្ចេញសាររបស់ខ្ញុំ ពីព្រោះខ្ញុំដឹងថាគាត់មិនអាចធ្វើបានទេ»។
លោក Tim Malloy ដែលជាអ្នកវិភាគទៅលើការស្ទង់មតិនៅឯសកលវិទ្យាល័យ Quinnipiac បាននិយាយថាការស្ទង់មតិថ្មីៗនេះបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងទៅលើការរឹតបន្តឹងការប្រើប្រាស់កាំភ្លើង។ លោក Malloy បានថ្លែងតាមប្រព័ន្ធ Skype ថា៖ «អ្នកដឹងទេថា ប្រសិនបើអ្នកគិតថាពលរដ្ឋអាមេរិកាំងមិនចាប់អារម្មណ៍ ឬក៍មិនរំជួលចិត្តលើការបាញ់សម្លាប់ដូចនេះនោះ អ្នកគិតនេះខុសហើយ។ កាលពី២ឆ្នាំមុន យើងបានឃើញមានកំណើន២០ភាគរយបានអំពាវនាវឲ្យមានការរឹតបន្តឹងការត្រួតពិនិត្យការប្រើប្រាស់កាំភ្លើង»។
អ្នកវិភាគនៅឯសកលវិទ្យាល័យអាមេរិកាំងលោកស្រី Capri Cafaro បានថ្លែងថាអ្នកដែលគាំទ្រនៅក្នុងការស្ទង់មតិ មិនតែងតែទៅបោះឆ្នោតនោះទេ។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «សមាជិកសមាគមន៍កាំភ្លើងជាតិ NRA គឺជាអ្នកដែលទៅបោះឆ្នោតយ៉ាងប្រាកដ ដូច្នេះបើគ្រាន់តែការស្ទង់មតិសាធារណៈបង្ហាញថាពលរដ្ឋចង់ឲ្យមានការពិនិត្យប្រវត្តិរូបនោះ មិនមែនមានន័យថាមនុស្សទាំងនោះទៅបោះឆ្នោតនោះទេ»។
លោក Malloy បាននិយាយថា សិស្សសាលាបានដើរស្រែកតវ៉ាតាមផ្លូវទាមទារឲ្យមានចំណាត់ការបន្ទាប់ពីសោកនាដកម្មបាញ់សម្លាប់នៅក្នុងរដ្ឋFlorida ហើយបញ្ហានេះនឹងមានផលប៉ះពាល់នយោបាយយូរអង្វែងមួយ។ លោក Malloy បានថ្លែងថា៖ «ការទាមទាររបស់ពួកយុវវ័យទាំងនេះបានផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងរយៈពេល៤៥ថ្ងៃមកនេះ និងបានក្លាយជាចលនាមួយដ៏ស្រួចស្រាល។
ដូច្នេះតាមរយៈស្ថានការណ៍នេះចលនាដែលបានចាប់ផ្តើមមក ហើយឥឡូវនេះបានកើនចំណាប់អារម្មណ៍ និងកំពុងមានសន្ទុះកើនឡើង ហើយយើងនឹងឃើញមានការផ្លាស់ប្តូរដោយសារចលនានេះ»។
ឱកាសទីមួយដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរគឺនៅពេលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា