លោក ត្រាំ ដក​កងកម្លាំង​ដែល​នៅ​សេសសល់​ពី​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី និង​ព្រមាន​អំពី​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​លើ​តួកគី

លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក​ចូលរួម​ក្នុង​សន្និសីទ​មួយ​ជាមួយ​នឹង​ប្រធានាធិបតី ដូណាល់ ត្រាំ និង​មេដឹកនាំ​យោធា​កំពូលៗ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

សហរដ្ឋអាមេរិក​ដក​កងកម្លាំង​ទាំងអស់​នៅ​សេសសល់​ពី​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា «វា​គឺ​ជា​ឈ្លាសវៃ​ក្នុង​ការ​ផ្លាស់ប្ដូរ» ក្នុង​ការ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធគ្នា​ដែល​បង្ក​ឡើង​ដោយ​តួកគី ប្រឆាំង​នឹង​ក្រុម​យុទ្ធជន ឃឺដ ដែល​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​សហរដ្ឋអាមេរិក។

លោក ត្រាំ បាន​ថ្លែង​ថា លោក​កំពុង​តែ​ធ្វើការ​ជាមួយនឹង​សមាជិក​សភា ដោយ​រួម​ទាំង​ពួក​អ្នក​ប្រជាធិបតេយ្យផង ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ទៅ​លើ​ប្រទេស តួកគី ចំពោះ​ការ​វាយប្រហារ​ឆ្លង​ព្រំដែន។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា បាន​បដិសេធ​ជាមុន​រួច​ទៅ​ហើយ។ លោក​ ត្រាំ បាន​ថ្លែង​លើ​បណ្ដាញ​សង្គម Twitter ថា មាន​ការ​ព្រមព្រៀង​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាត់វិធានការ​ទៅ​លើ​ប្រទេស​តួកគី ដែល​ជា​សមាជិក​អង្គការ​អូតង់​មួយ​ដែរ​នោះ។ ​

លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក បាន​ថ្លែង​ក្នុង​កម្មវិធី Fox News Sunday កាលពី​ថ្ងៃ​អាទិត្យ​ថា កាល​ពី​យប់​ថ្ងៃ​សៅរ៍ លោក ត្រាំ បាន​បញ្ជា​ឲ្យ​ដក​កងកម្លាំង​របស់​អាមេរិក​ដែល​នៅ​សេសសល់​ទាំង​១.០០០​នាក់​ចេញ​ពី​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី។ លោក Esper បាន​ថ្លែង​ថា មន្ត្រី​អាមេរិក​មាន​ការ​ភ័យ​ខ្លាច​ថា កងកម្លាំង​អាមេរិក​នឹង​ត្រូវ​បានចំណាយ​យ៉ាង​ខ្ជះខ្ជាយ​ ដោយសារ​តែ​កងកម្លាំង​តួកគី​ហាក់​មាន​ប្រៀប​ចំពោះ​កងកម្លាំង​ឃឺដ​រួច​ទៅ​ហើយ។ តួកគី​ចាត់ទុក​ក្រុម ឃឺដ ថាជា​ក្រុម​ភេរវកម្ម ប៉ុន្តែ​ពួក​បស្ចឹម​ប្រទេស​ភាគច្រើន​ចាត់​ទុក​ក្រុម​នេះ​ថា​ជា​ដៃគូ​សំខាន់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។ ​

លោក Esper បាន​បដិសេធ​នឹង​អ្នក​រិះគន់​នៅ​ក្នុង​សភា​មួយ​ចំនួន ដោយ​រួម​ទាំង​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក ត្រាំ ​ផង​ ថា សហរដ្ឋអាមេរិក​បាន​បោះបង់​ចោលក្រុម ឃឺដ៕