លោក Trump សន្យា​ថា​នឹង​មាន​ជំនួបកំពូល​ជា​លើក​ទី​ពីរ​ជាមួយ​មេដឹកនាំ​ Kim Jong Un​ ក្នុង​ពេល​ឆាប់ៗ​នេះ

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-In នៅ​ក្នុង​សណ្ឋាគារ Lotte New York Palace ក្នុង​ពេល​លោក​ចូល​រួម​ក្នុង​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុង​ក្រុង​ញូវយ៉ក។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​ថ្លែងថា​លោក​នឹង​រៀបចំ​ជំនួប​កំពូល​ជា​លើក​ទីពីរ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក Trump បាន​ថ្លែង​ដូច្នេះ​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ លោក​ក៏​បាន​ថ្លែង​ផងដែរ​ថា​រដ្ឋបាល​របស់​លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​វិវត្តន៍​យ៉ាងខ្លាំង​អំពី​បញ្ហា​កូរ៉េ​ខាងជើង។

លោក Trump បាន​ថ្លែង​ថា «យើង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​កូរ៉េ​ខាង​ជើង។ យើង​បាន​ឯកភាព​គ្នា​លើ​បញ្ហា​ជាច្រើន។ យើង​ប្រហែល​ជា​នឹង​មាន​ជំនួបកំពូល​លើកទីពីរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

លោក Trump ក៏​បាន​លើកឡើង​អំពី​លិខិត​ដែល​លោក Kim បាន​ផ្ញើ​ឲ្យ​លោក​នា​ពេល​ថ្មីៗ​នេះ​ ដែល​ក្នុង​នោះ​កូរ៉េ​ខាង​ជើង​បាន​ស្នើ​ឲ្យ​មាន​ការ​ជួបគ្នា​ជា​លើក​ទីពីរ។

លោក Trump បាន​ថ្លែង​បន្ត​ថា «យើង​នឹង​រៀបចំ​តាម​ការ​ស្នើ​នេះ។ លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo នឹង​រៀបចំ​ជំនួប​នេះ​ក្នុង​ពេល​ឆាប់ៗ​នេះ។ វា​ហាក់​ដូច​ជា​មាន​ការ​វិវត្តន៍​ទៅ​យ៉ាង​ល្អ»។
អត្ថាធិប្បាយ​របស់​លោក Trump បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​ធ្លាប់​បាន​និយាយ​នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាតិ​កាល​ពី​ឆ្នាំមុន​ថា​នឹង​បំផ្លាញ​កូរ៉េខាងជើង​ទាំង​ស្រុង​ និង​បាន​ហៅ​លោក Kim ថា​ជា​បុរស​រ៉ុក្កែត។

ចាប់តាំង​ពី​ពេលនោះ​មក​លោក Trump បាន​និយាយ​សម្រាល​អំពី​កូរ៉េ​ខាងជើង​វិញ។ បន្ទាប់​ពី​ជំនួបកំពូល​ជាមួយ​លោក Kim កាល​ពី​ខែមិថុនា​មក​ លោក Trump បាន​ទទូច​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពី​កូរ៉ខាងជើង​ ដើម្បី​ឲ្យ​កូរ៉េខាងជើង​បោះបង់​ចោល​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន។

ក៏ប៉ុន្តែ​បើ​ទោះ​បី​ជា​ចំណង​ទាក់ទង​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​មាន​ភាព​ប្រសើរ​ឡើង​ក៏​ដោយ​ ក៏​គ្មាន​ការ​ជឿជាក់​ថា​កូរ៉េ​ខាងជើង​នឹង​ចាត់​វិធានការ​រុះរើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ដែរ៕