លោកប្រធានាធិបតីស.រ.អា. Donald Trump បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីចិន Xi Jinping ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាដ៏ប្រល័យនៅពេលដែលលោក Xi ប្រឈមនឹងការរិះគន់ខ្លាំងឡើងៗក្នុងប្រទេសនៅក្រោយមរណភាពរបស់វេជ្ជបណ្ឌិតម្នាក់ដែលមានទាក់ទិននឹងមេរោគនេះដែលបានព្រមានកាលពីពេលមុននេះអំពីការរាតត្បាតនៃមេរោគនេះ។
នៅក្រោយការនិយាយគ្នាតាមទូរសព្ទកាលពីថ្ងៃសុក្រជាមួយលោក Xi លោក Trump បានសរសើរការឆ្លើយតបរបស់ប្រទេសចិនហើយលោកបាននិយាយថា លោក Xi កំពុងដឹកនាំ «អ្វីដែលជាកិច្ចប្រតិបត្តិការមានជោគជ័យមួយ»។ លោកTrump បានសរសើរលោក Xi តទៅទៀតតាម Twitter កាលពីថ្ងៃសុក្រដោយលោកបានពណ៌នាលោក Xi ថា «ខ្លាំងក្លា មុះមុត និងផ្តោតការយកចិត្តទុកដាក់ខ្លាំង»។
លោក Trump បានបន្ថែមថា «មានវិន័យខ្លាំងក្លានៅក្នុងប្រទេសចិននៅពេលដែលប្រធានាធិបតី Xi ដឹកនាំអ្វីដែលជាកិច្ចប្រតិបត្តិការមួយប្រកបដោយជោគជ័យខ្លាំង។ យើងកំពុងធ្វើការជិតស្និទ្ធដើម្បីជួយប្រទេសចិន»។ ការរៀបរាប់ជាផ្លូវការរបស់ប្រទេសចិនអំពីការសន្ទនាគ្នាកាលពីថ្ងៃសុក្ររវាងប្រធានាធិបតីទាំងពីរនាក់នេះមិនបាននិយាយយោងដល់ការត្អូញត្អែររបស់ចិនអំពីប្រតិកម្មរបស់រដ្ឋបាល Trump ដល់ការរាតត្បាតនៃជំងឺនេះទេ ដែលសហរដ្ឋអាមេរិកជាប្រទេសទីមួយដែលបានបិទការិយាល័យការទូតរបស់ខ្លួននៅក្នុងក្រុង Wuhan ហើយបញ្ជាឱ្យពួកអ្នកការទូតខ្លួនចាកចេញពីប្រទេសចិនថែមទៀតផង។
មរណភាពរបស់វេជ្ជបណ្ឌិតចិនម្នាក់ដែលបានត្រូវរិះគន់យ៉ាងខ្លាំងដោយអាជ្ញាធរគណបក្សកុម្មុយនិស្ត នៅក្រោយលោកបានព្រមានអំពីមេរោគថ្មីមួយកាលពីខែធ្នូបានបណ្តាលឱ្យមានការផ្សាយអំពីកំហឹងតាមបណ្តាញអ៊ីនធឺណិតចំពោះអាជ្ញាធរគណបក្សអំពីការត្រួតត្រាតឹងរ៉ឹងលើព័ត៌មានអំពីវិបត្តិខាងសុខភាពនេះ។
ប៉ូលិសបានចោទប្រកាន់លោកវេជ្ជបណ្ឌិត Li Wenliang ដែលបានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ តាមពេលវេលាក្នុងស្រុក ក្នុងមន្ទីរពេទ្យកណ្តាលក្រុង Wuhan ថា «ផ្សព្វផ្សាយពាក្យចចាមអារាមតាមអ៊ីនធឺណិត» និង «បង្អាក់របៀបរៀបរយសង្គមយ៉ាងធ្ងន់ធ្ងរ»។
មានមនុស្សច្រើននាក់បានកោតសរសើរលោកវេជ្ជបណ្ឌិត Li ដោយមានរួមមានទាំងលោក Zeng Guang ប្រធានអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលត្រួតត្រាជំងឺនៃប្រទេសចិនផងដែរ៕