ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា «អាចមានការវិវត្តជាវិជ្ជមាន» នៃចំណាត់ការដែលបានធ្វើចំពោះប្រទេសកូរ៉េខាងជើង ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នពីសញ្ញាវិជ្ជមានទាំងនោះរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលអាចនឹងប្រែក្លាយជាក្តី «សង្ឃឹមក្លែងក្លាយ»។
សេចក្តីថ្លែងការណ៍របស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងបង្ហាញពីឆន្ទៈក្នុងការចាប់ផ្តើមចរចាជាមួយនឹងសហរដ្ឋអាមេរិក អំពីការបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារនៅក្នុងប្រព័ន្ធ Twitter កាលពីព្រឹកថ្ងៃអង្គារថា «នេះជាលើកទីមួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលមានកិច្ចប្រឹងប្រែងម៉ឺងម៉ាត់បានធ្វើឡើងដោយភាគីពាក់ព័ន្ធនានា»។ លោកក៏បានបង្ហាញពីភាពមន្ទិលសង្ស័យលើគោលបំណងរបស់កូរ៉េខាងជើង ដោយបានបន្ថែមថា «ពិភពលោកកំពុងរងចាំមើល និងកំពុងរងចាំមើលលទ្ធផល។ ប្រហែលជាក្តីសង្ឃឹមក្លែងក្លាយ ប៉ុន្តែសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្ថែមសំពាធខ្លាំងជាងមុនទៅលើកូរ៉េខាងជើង»។
លោក Chung Eui-yong ទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានប្រាប់ ក្រុមអ្នកសារពត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងព្យុងយ៉ាងបានបង្ហាញពីភាពមិនចាំ បាច់ក្នុងការរក្សាកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ប្រសិនបើមានការលុបចោលការគំរាមកំហែងយោធាប្រឆាំងនឹងប្រទេសនេះ។ លោក Chung បានថ្លែងបន្ថែមថាកូរ៉េ ខាងជើងចង់ពិភាក្សាអំពីការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរ និងផ្សះផ្សារទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។ លោក Chung គឺជាអ្នកដឹកនាំប្រតិភូកូរ៉េខាងត្បូង ដែលទើបតែត្រឡប់ពីការធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសកូរ៉េខាងជើង ជាទីកន្លែងដែលក្រុមប្រតិភូបានជួបប្រជុំជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលជាព្រឹត្តការណ៍មិនដែលធ្លាប់មានពីមុនមក៕