លោក​ប្រធានាធិបតី​ត្រាំ៖ មូលដ្ឋាន​គ្រឹះ​នយោបាយ​​របស់​ខ្ញុំ​ធំ​ជាង​មុន ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង Huntington រដ្ឋ​ West Virginia កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ បាន​អះអាង​​ថា មូលដ្ឋាន​គ្រឹះ​នយោបាយ​​របស់​លោក​​ក្នុង​ចំណោម​អ្នក​គាំទ្រ​ពី​សំណាក់​សមាជិក​គណបក្ស​​សាធារណរដ្ឋ​គឺ «ធំជាង​មុន និង​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់ ទោះ​បី​ជា​ការ​ស្ទង់​មិត​ថ្មី​បង្ហាញ​ថា មូលដ្ឋាន​គ្រឹះ​នយោបាយ​នោះ​កំពុង​តែ​បាត់បង់​ប្រជាប្រិយភាព​ក៏​ដោយ។

លោក​ត្រាំ​បាន​សរសេរ​សារ​អធិប្បាយ​បន្តបន្ទាប់​តាម​បណ្តាញ​សង្គម Twitter ពី​ក្លឹប​វាយ​កូនហ្គោល ដែល​លោក​កំពុង​ធ្វើ​ការ​នៅ​ពេល​សម្រាក នៅ​ក្រុង Bedminster រដ្ឋ New Jersey ដោយ​បាន​រិះគន់​ការ​ស្ទង់​មតិ​នោះ​ថា​ជា «ការ​ស្ទង់មតិមិន​ពិត​ ដែល​ផ្សព្វផ្សាយ​ដោយ​ព័ត៌មាន​មិន​ពិត»។ លោក​បាន​អះអាង​ថា យុទ្ធនាការ​ឃោសនា​ ដែល​លោក​បាន​ធ្វើ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ ដែល​លោក​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​មុន​បង្ហាញពី​កម្លាំង​ដែល​លោក​កំពុង​បន្ត​មាន​ឡើង។ លោក​បាន​បន្ថែម​ថា ​កត្តា​មួយ​ចំនួន «បាន​ជំរុញ​មូលដ្ឋាន​គ្រឹះ​នយោបាយ​របស់​លោក​កាន់​តែ​កៀកចូល​នឹង​គ្នា ហើយ​នឹង​មិន​ផ្លាស់​ប្តូរ​ជា​ដាច់ខាត»។

ការ​ស្ទង់​មតិ​ជាតិ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា មាន​តែ​មួយ​ភាគ​បី​នៃ​អ្នកបោះឆ្នោត​នៅ​អាមេរិក​ប៉ុណ្ណោះ ដែល​គាំទ្រ​សមិទ្ធផល​ការងារអំឡុងពេល​កាន់តំណែង​ប្រាំ​មួយ​ខែ​កន្លះ​របស់​លោក​ប្រធានាធិបតី​កន្លង​មក​នេះ ខណៈ​ពេល​មាន​ការ​ធ្លាក់​ចុះ​ការ​គាំទ្រ​នៅ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ ដែល​បោះឆ្នោត​ឲ្យ​លោក។

ប៉ុន្តែ​លោក​ត្រាំ​បាន​លើកឡើង​ពី​ការ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​នៃ​ទីផ្សារ​ភាគហ៊ុន​ធំៗ​នៅ​ក្នុង​ប្រទេស ការ​ពង្រឹង​សន្តិសុខ​ព្រំដែន​ខ្លាំង​ជាង​មុន កំណើន​ការងារ​ធ្វើ ការ​បន្ធូរ​បន្ថយ​និយតកម្ម​អាជីវកម្ម និង​ការ​អនុម័ត​ចៅក្រម​តុលាការ​កំពូល​អភិរក្ស​ម្នាក់​ ថាជា​ភស្តុតាង​បង្ហាញ​ថា លោក​កំពុង​តែ​ទទួល​បាន​ជោគជ័យ។

លោកត្រាំ​បាន​និយាយថា វា​ «មិន​គួរ​ឲ្យ​ជឿ» ថា «មូលដ្ឋាន​នយោបាយ​របស់​លោក​ត្រាំ​កំពុង​កាន់​តែ​ខ្លាំង​ឡើង​ដូច​នេះ» ទោះ​បីជា​មាន​ការ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សារព័ត៌មាន​ធំៗ​អស់រយៈពេល​រាប់​ខែ​មក​នេះពី​អ្វី​ដែល​លោក​បាន​ហៅ​ថា «ជា​រឿង​ស៊ុមគ្រលុំ​ជាមួយរុស្ស៊ី ដែល​ជា​ព័ត៌មាន​មិន​ពិត»។

ការ​ស៊ើបអង្កេត​ជា​ច្រើន​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​ថា​តើជំនួយការ​យុទ្ធនាការឃោសនា​របស់​លោក​ត្រាំ បានស៊ុមគ្រលុំ​ជាមួយ​នឹង​មន្ត្រីរុស្ស៊ី ដើម្បី​ជួយ​លោក​ត្រាំ​យក​ឈ្នះ​លើ​ដៃគូ​ប្រជែង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និងអតីត​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ លោកស្រី​ហ៊ីលឡារី គ្លីនតុន ឬ​ទេ។

ទីប្រឹក្សា​ពិសេសលោក Robert Mueller ដែល​ជា​អតីត​ប្រធានទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​ផ្នែក​ឧក្រិដ្ឋកម្ម ដោយ​បាន​រៀបចំ​សមាជិកគណៈវិនិច្ឆ័យពិសេស​មួយ ដើម្បី​ពិនិត្យ​មើល​សក្ខីកម្ម​អំពី​ទំនាក់ទំនង​រវាង​យុទ្ធនាការ​ឃោសនា​របស់​លោក​ត្រាំ និង​មន្ត្រី​រុស្ស៊ី និង​ថាតើ​លោក​ត្រាំ​បាន​រារាំង​ផ្នែក​ប្រព័ន្ធ​យុត្តិធម៌ តាមរយៈ​ការ​បណ្តេញ​លោក​ James Comey ដែល​ជា​អតីត​ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត​មួយ​រូប​ទៀត​ចេញ​ពី​តំណែង នៅ​ពេល​លោក Comey កំពុង​ដឹកនាំ​ទីភ្នាក់ងារ​នោះ​ស៊ើបអង្កេត​លើ​រឿង​ទំនាក់ទំនង​ជាមួយ​នឹង​រុស្ស៊ី មុន​ពេល​លោក Mueller ចូល​កាន់​តំណែងជំនួស។

ការ​ស្ទង់​មតិ​ ដោយ​មហាវិទ្យាល័យ​ Qunnipiac កាល​ពី​សប្តាហ៍​មុន​ បាន​បង្ហាញ​ថា ៦១​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិកាំង​មិន​យល់​ឃើញ​ថា សមិទ្ធផល​ការងារ​របស់​លោកត្រាំ​នៅ​សេតវិមាន​ជា​រឿង​វិជ្ជមាន​ទេ ហើយ​មាន​តែ ៣៣​ភាគរយ​ប៉ុណ្ណោះ ដែល​គាំទ្រ ដែល​នេះ​ជា​ការ​កម្រិត​ទាបបំផុត​មួយ​សម្រាប់​មេដឹកនាំ​អាមេរិក​នៅ​ក្នុង​រយៈពេលប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​កាន់​តំណែង​របស់​លោក​នៅ​សេតវិមាន។ ការ​ស្ទង់​មតិ​ដទៃ​ទៀត​ក៏​បាន​បង្ហាញ​ថា លោក​ត្រាំ​មាន​សំឡេង​គាំទ្រ​តែ ៤០​ភាគរយ​ប៉ុណ្ណោះ។

ការ​ស្ទង់​មតិ​ពី​មហាវិទ្យាល័យ Quinnipiac ក៏​បាន​បង្ហាញ​ថា​ ការ​គាំទ្រ​ទៅ​លើ​លោក​ត្រាំ​ពី​សំណាក់​ក្រុម​អ្នក​បោះឆ្នោត​ចម្បង​ឲ្យ​រូបលោក ដែល​ជា​ពលរដ្ឋ​ស្បែកស និង​មិនមាន​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ បាន​ធ្លាក់​ចុះ ដោយ​មាន​តែ ៤៣​ភាគរយ​ប៉ុណ្ណោះ​គាំទ្រ​សមិទ្ធផលរបស់​លោក ហើយ​ ៥០ ភាគរយ​ទៀត​មិន​គាំទ្រ។ នៅ​ក្នុង​ការ​បោះឆ្នោត ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ៦៦​ភាគរយ​នៃ​ពលរដ្ឋ​ស្បែក​ស ដែល​មិន​មាន​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ​បាន​បោះឆ្នោត​ឲ្យ​លោក​ ជំនួស​ឲ្យ​លោកស្រី​គ្លីនតុន។

ស្របពេល​ដែល​លោកអះអាង​ពី​ការ​គាំទ្រ​នយោបាយ​នៅ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ លោក​ត្រាំ​ក៏​បាន​រិះគន់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Richard Blumenthalតាមរយៈ​ការ​បង្ហោះសារ​មួយ​ចំនួនតាម​បណ្តាញ​សង្គម​ Twitter​ បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​នៅ​រដ្ឋ Connecticut រូប​នោះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប៉ុស្តិ៍​ព័ត៌មាន CNN និង​បាន​និយាយ​ថា «មិន​មានការ​បន្ទាប និង​ប៉ានស្មាន​ទាប​ជាង​ការ​ពិត​ ដែលថា​មាន ការ​វាយ​ប្រហារ​ពី​រុស្ស៊ី» ទៅ​លើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​មុន បណ្តាល​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។

លោក​ត្រាំ​បាន​ហៅ​លោក Blumenthal ថា​ជា «ជន​ឆបោក​តាមរយៈ​ការ​និយាយ​រឿង​របស់​ខ្លួន​នៅ​វៀតណាម! គាត់​បាន​និយាយ​រឿងរ៉ាវ​របស់​គាត់​នៅ​អំឡុង​សង្គ្រាម​វៀតណាម និង​ការ​យក​ជ័យជម្នះ​លើ​សមរភូមិ ពី​ភាព​ក្លាហាន​របស់​លោក ហើយ​អ្វី​ទាំងនោះ​ គឺ​ជា​ការ​កុហក​ទាំង​អស់។ គាត់​បាន​យំ​ដូច​ទារក ហើយ​បាន​សុំ​ឲ្យ​មាន​ការ​អត់ឱន​ឲ្យ​ដូច​កូន​ក្មេង​អញ្ចឹង។ ឥឡូវ​នេះ គាត់​ហ្នឹង​កំពុង​តែ​វាយ​តម្លៃ​លើ​ការ​ស៊ុមគ្រលុំជាមួយ​រុស្ស៊ី​ឬ?»

ការ​ចោទ​ប្រកាន់​ដូចនេះ​ពី​សំណាក់​លោក​ត្រាំ​ បាន​កើត​ឡើង​ បន្ទាប់​ពី​ការ​សារភាព​របស់​លោក Blumenthal អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០១០ របស់​លោក ដែល​ថា លោក​បាន​បម្រើការ​នៅ​ក្នុង​ជួរ​យោធា​អាមេរិក​អំឡុង​សង្គ្រាម​នៅ​វៀតណាម ប៉ុន្តែ​មិន​នៅ​ក្នុង​ប្រទេស​វៀតណាម ដូចដែល​លោក​បាន​លើកឡើង​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ។

បន្ទាប់​ពីការ​បង្ហោះសារ​តាម​បណ្តាញ​សង្គម​ Twitter ​របស់​លោក​ត្រាំ លោក​ Blumenthal បាន​និយាយ​ថា «លោក​ប្រធានាធិបតី៖ ការ​សម្លុត​របស់​លោក​មិន​មាន​ប្រសិទ្ធិភាព​នៅ​គ្​រាមុន ហើយ​ក៏​មិន​មាន​ប្រសិទ្ធិភាព​នៅ​ពេល​នេះ​ដែរ។ គ្មាន​នរណា​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្ត្របញ្ញា