លោក ត្រាំ​ ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​លោក ​Sessions ​​សមាជិក​សភា Pompeo និង​ឧត្តម​សេនីយ៍​ឯក Flynn ​ធ្វើ​ជា​មន្ត្រី​កំពូល

ពីឆ្វេង​ទៅ​ស្តាំ - ​សមាជិក​សភា Pompeo ​ឧត្តម​សេនីយ៍​ឯក Flynn និងសមាជិក​ព្រឹទ្ធសភា​លោក ​Sessions។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ដូណាល់​ ត្រាំ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ​លោក​បាន​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក​ Jeff Sessions​ ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ ហើយ​និង​ជ្រើស​រើស​គណៈ​រដ្ឋ​មន្ត្រី​ផ្សេងៗ​ទៀត​សម្រាប់​រដ្ឋបាល​របស់​លោក។

ក្រុម​រៀប​ចំ​ការ​ផ្ទេរ​តំណែង​របស់​លោក ត្រាំ​ មិន​ទាន់​បាន​បញ្ជាក់​អំពី​ការ​ជ្រើស​តាំង​លោក​ Sessions ​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​សារព័ត៌មាន​ជា​ច្រើន​បាន​រាយការណ៍​ដោយ​លើក​ឡើង​ពី​ប្រភព​ជិត​ស្និត​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ។ ​លោក Sessions គឺ​ជា​អ្នក​ដែល​គាំទ្រ​យ៉ាង​ខ្លាំង​មួយ​រូប​និង​ជា​អ្នក​ផ្តល់​ប្រឹក្សា​ដល់​លោក ត្រាំ​ ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង​នៃ​យុទ្ធនាការ​ដណ្តើម​តំណែង​ប្រធានាធិបតី​មក​ម្លេះ។

លោក ត្រាំ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹងតែង​តាំង​សមាជិក​សភា​លោក Mike Pompeo ​ឲ្យ​ធ្វើ​ជា​នាយក​ទីភ្នាក់ងារ​ស៊ើប​ការណ៍​កណ្តាល ឬ​ហៅ​កាត់​ថា ​CIA​ ហើយ​លោក​បាន​តែង​តាំង​លោក​ឧត្តមសេនីយ៍​ឯក​ចូលនិវត្តន៍ ​Mike Flynn​ ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ។

លោក ​Flynn ​នឹង​មិន​ត្រូវ​ការ​ការអនុម័តពី​ព្រឹទ្ធសភា​អាមេរិក​ដូច​លោក Sessions និង​លោក Pompeo ​ទេ។

លោក ​Sessions ​អាច​នឹង​ប្រឈម​មុខ​នឹង​សំណួរ​ពិបាកៗ​នៅ​ក្នុង​សវនាការ ​សូម្បី​តែ​សំណួរ​ដោយក្រុម​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ខ្លួន​ឯង​ក្នុង​ការ​គ្រប់​គ្រង​សភា។ នៅ​ពេល​ដែល​លោក Sessions ត្រូវ​បាន​តែង​តាំង​ក្នុង​មុខ​តំណែង​មួយ​នៅ​ក្នុង​តុលាការ​សហព័ន្ធ​កាលពី​៣០ឆ្នាំ​មុន​ លោក​ត្រូវ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ការ​អត្ថាធិប្បាយ​រើសអើង​របស់​លោក​ នៅ​ពេល​ដែល​លោក​ធ្វើ​ជា​មេធាវី​នៅ​ក្នុង​រដ្ឋ​កំណើត​របស់​លោក​គឺ​រដ្ឋ​ Alabama។

លោក Sessions ក៏​ត្រូវ​បាន​ស្គាល់​តាម​រយៈ​គោលជំហ​របស់​លោក​ក្នុង​ការ​ប្រឆាំង​នឹង​ច្បាប់​អន្តោប្រវេសន៍​ផង​ដែរ។

ចំណែក​ឯ​លោក Pompeo គឺ​ជា​សម្ព័ន​មិត្ត​ដ៏​ជិតស្និត​របស់​អនុប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Mike Pence ហើយ​លោក​ Pompeo គឺ​ជា​អ្នក​ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​ប្រធានាធិបតី​ បារ៉ា់ក់ អូបាម៉ា​ ជាមួយ​នឹង​អ៊ីរ៉ង់៕