លោក Trump ​ជ្រើស​រើស​អតីត​អ្នក​រិះ​គន់​លោកគឺ​សមាជិក​ព្រឹទ្ធ​សភា JD Vance នៃ​រដ្ឋ Ohio ជាបេក្ខជន​អនុប្រធានាធិបតី​របស់លោក​ក្នុងបក្ស​សាធារណរដ្ឋ

​សមាជិក​ព្រឹទ្ធ​សភា JD Vance នៃ​រដ្ឋ Ohio បេក្ខជន​អនុប្រធានាធិបតី​នៃបក្ស​សាធារណរដ្ឋ​បាន​មក​ដល់​មហាសន្និបាត​បក្ស​កាលពីថ្ងៃទី​១៥ កក្កដា ឆ្នាំ២០២៤ ក្នុង​ទីក្រុង​ Milwaukee។(AP Photo/Carolyn Kaster)

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ​បាន​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​លោក JD Vance នៃ​រដ្ឋ Ohio ​ជាបេក្ខជន​អនុប្រធានាធិបតី​របស់​លោក​កាលពី​ថ្ងៃចន្ទ។ លោក​ធ្លាប់​ជា​អ្នក​រិះ​គន់​លោក Trump ​ហើយ​បាន​ក្លាយជាមិត្ត​ស្មោះ​ត្រង់​របស់​លោក​ Trumpហើយនិង​ជា​មនុស្ស​ជំនាន់ millennial ដែល​ចូល​រួមជាមួយ​លោក Trump​ នៅពេល​ដែលមានការ​បារម្ភ​ខ្លាំង​ពីវ័យ​ចំណាស់​របស់​មេដឹកនាំ​បក្ស​នយោបាយ​អាមេរិក។

លោក Trump បាន​សរសេរនៅ​លើ​បណ្តាញសង្គម Truth Social​ របស់​លោក នៅពេល​មហា​សន្និបាតជាតិ​របស់​គណបក្ស​សាធារណៈ​រដ្ឋ​នៅ​ទីក្រុង ​Milwaukee ចាប់ផ្តើមថា៖ «ក្រោយពី ការពិចារណា និងការ​គិតគូរ​អស់ពេលយ៉ាងយូរ​អំពីទេព្យកោសល​របស់មនុស្ស​ជាច្រើនផ្សេងទៀត​រួចមក ខ្ញុំបាន​សម្រេច​ចិត្តថា មនុស្សដែលស័ក្តិសម កាន់តំណែង​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក ជាងគេ គឺសមាជិក​ព្រឹទ្ធសភា J.D. Vance នៃរដ្ឋ Ohio‍»។

មិនយូរបន្ទាប់​ពី​ការប្រកាសរបស់លោក Trump​ លោក Vance ​បាន​មក​ដល់​កន្លែងធ្វើមហា​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណៈ​ដើម្បី​ទទួលការ​តែងតាំង​ជា​ផ្លូវការ​របស់​លោក។

លោក Vance ​ដែលមាន​អាយុ​៣៩ឆ្នាំ​បាន​មានប្រជាប្រិយភាពទូទាំង​ប្រទេស បន្ទាប់ពី​លោក​បាន​បោះពុម្ព​ផ្សាយប្រវត្តិ​របស់​លោក​កាលពី​ឆ្នាំ​២០១៦ ដែលមាន​ចំណង​ជើង​ថា«Hillbilly Elegy»។ លោក​បាន​ជាប់ឆ្នោត​ជាសមាជិក​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ​២០២២ និង​បាន​ក្លាយជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​បំផុត​លើ​របៀបវារៈ​«ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តង​ទៀត​»របស់​អតីត​ប្រធានាធិបតី ជាពិសេសក្នុង​វិស័យ​ពាណិជ្ជកម្ម​ គោលនយោបាយ​បរទេសនិង​អន្តោប្រវេសន៍។

ប៉ុន្តែ​លោកពុំមាន​បទពិសោធន៍ច្រើន​ក្នុងឆាក​នយោបាយ​ជាតិ​ទេ ហើយ​កំពុង​ចូល​រួម​ជាមួយ​លោក​Trump ចំពេលពិសេសមួយ​នៅ​ក្នុងប្រវត្តិសាស្ត្រ​នៃប្រទេស​អាមេរិក។ ការប៉ុនប៉ង​ធ្វើ​ឃាត​លោក Trump នៅក្នុងការឃោសនាបោះឆ្នោត​មួយ​កាលពីថ្ងៃសៅរ៍ បានធ្វើឱ្យ​រង្គោះរង្គើ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ធ្វើឱ្យមានការចាប់អារម្មណ៍​លើ​វោហាសាស្ត្រ​នយោបាយ​ដ៏តឹងរ៉ឹង​របស់​ប្រទេស​និង​លើសារៈសំខាន់​របស់​អ្នកដែលអាចឡើង​កាន់តំណែង​ជំនួស​ប្រធានាធិបតី។​

លោកVance បាន​ប្រឈម​នឹង​ការ​រិះ​គន់ ក្រោយមាន​ការព្យាយាម​ធ្វើឃាតលោក Trumpចំពោះសារ​មួយ​លើ​បណ្តាញ​សង្គម X ​ដែល​និយាយ​ថា​លោក​ប្រធានាធិបតី Joe Biden ​គួរ​ត្រូវបន្ទោសចំពោះ​អំពើហិង្សា​នោះ។​

លោក​បាន​សរសេរ​ថា៖«ចំណុច​សំខាន់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden​ ​គឺ​ថា​លោកប្រធានាធិបតី​ Donald Trumpជាជនផ្តាច់​ការ​ដែល​ត្រូវតែ​បញ្ឈប់​។ វោហាសាស្ត្រ​នោះ​បណ្តាល​ឲ្យ​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Trump»។​

ក្រុម​មន្ត្រី​ប៉ូលិស​មិនទាន់​រក​ឃើញ​មូល​ហេតុ​នៃ​ការ​បាញ់​ប្រហារ​នោះ​ទេ៕