ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានជ្រើសរើសលោកឧត្តមសេនីយ៍ជើងទឹក John Kelly ដែលបានចូលនិវត្តន៍ ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ។ ក្រសួងនេះគឺជាទីភ្នាក់ងារដ៏ធំមួយដែលទទួលខុសត្រូវខាងកម្ចាត់អំពើភេរវកម្មនិងប្រតិបត្តិការតាមសន្យារបស់លោក Trump ក្នុងការបង្ក្រាបអន្តោប្រវេសន៍ខុសច្បាប់។ នេះបើយោងតាមក្រុមការងាររៀបចំដំណើរការផ្ទេរតំណែងរបស់លោក Trump។
ក្រុមមន្ត្រីបាននិយាយថា លោកKelly ត្រូវបានតែងតាំងដោយសារតែជំនាញរបស់លោកពាក់ព័ន្ធនឹងព្រំដែននៅប៉ែកនិរតីរវាងសហរដ្ឋអាមេរិកនិងម៉ិចស៊ិក គួបផ្សំជាមួយនឹងបំណងរបស់លោកក្នុងការដោះស្រាយបញ្ហាថ្នាំញៀនខុសច្បាប់ អំពើភេរវកម្ម និងការគំរាមកំហែងដទៃទៀត ដែលលោកជឿថាកើតចេញពីអាមេរិកកណ្តាលនិងអាមេរិកខាងត្បូងនោះ។
កាលពីឆ្នាំ២០១០ លោកអនុសេនីយ៍ទោ Robert Kelly ដែលជាកូនប្រុសរបស់លោក Kelly ត្រូវបានគេសម្លាប់នៅក្នុងផ្ទុះគ្រាប់មីនមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ហេតុការណ៍នោះបានធ្វើឲ្យលោក Kelly ក្លាយទៅជាឧត្ដមសេនីយ៍អាមេរិកដែលមានឋានៈខ្ពស់ជាងគេបំផុត ដែលបានបាត់បង់កូននៅក្នុងសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬប្រទេសអ៊ីរ៉ាក់។
លោក Kelly ដែលត្រូវបានគេរំពឹងថានឹងទទួលបានការបញ្ជាក់ពីព្រឹទ្ធសភានោះ គឺជាអតីតយោធាចុងក្រោយគេបង្អស់ដែលនឹងត្រូវបានតែងតាំងសម្រាប់តំណែងនានានៅក្នុងរដ្ឋបាលរបស់លោក Trump។ លោក Trump ក៏បានតែងតាំងលោកឧត្ដមសេនីយ៍ឯក Michael Flynn ដែលបានចូលនិវត្តន៍ ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងលោកឧត្តមសេនីយ៍ជើងទឹក James Mattis ដែលបានចូលនិវត្តន៍ ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារប្រទេសផងដែរ។ លោកអគ្គសេនាធិបតី David Petraeus ដែលបានចូលនិវត្តន៍ និងជាអតីតប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ផងនោះ ត្រូវបានគេនិយាយថាគឺបុគ្គលម្នាក់ដែលស្ថិតក្រោមការពិចារណាសម្រាប់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក៕