ប្រធានាធិបតី ​ដូណាល់​ ត្រាំ ​បញ្ជា​ឲ្យ​បញ្ចុះ​ទង់ជាតិ​អាមេរិក​ពាក់​កណ្តាល​ដង​ដើម្បី​កាន់​ទុក្ខ​ជន​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ១៩

ប្រធានាធិបតី​ ដូណាល់ ត្រាំ កាន់​ម៉ាស់ នៅ​ពេល​លោកថ្លែង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុម​ Ford ដែល​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​រោង​ចក្រ​ផលិត​សម្ភារៈ​ពេទ្យ កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​បញ្ចុះ​ទង់ជាតិ​ទាំង​អស់​នៅ​ពាក់​កណ្តាល​ដង​នៅ​អាគារ​រដ្ឋាភិបាល​សហព័ន្ធ​និង​បូជនីយដ្ឋាន​ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​បន្ទាប់​ទៀត​ដើម្បី​រំឭក​ វិញ្ញាណក្ខន្ធ​ ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ដែល​បាន​បាត់បង់​ជីវិត​របស់​ខ្លួន​ដោយសារ​មេរោគ​កូរ៉ូណា។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ថ្ងៃព្រហស្បតិ៍​តាម​ Twitter​ នៅ​ពេល​ជាមួយ​គ្នា​នោះ​លោក​បាន​និយាយ​ថា​ ទង់ជាតិ​ដែល​បាន​បញ្ចុះ​ត្រឹម​ពាក់​កណ្តាល​ដង​នោះ​ ក៏​នឹង​គោរព​យុទ្ធជន​និង​យុទ្ធនារី​ដែល​បាន​ធ្វើ​ការ​លះបង់​ដើម្បី​ប្រទេស​ជាតិ​របស់​យើង​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ប្រារព្ធ​ទិវារំ​លឹក​វិញ្ញាណក្ខន្ធ ​យុទ្ធជន។

ក្នុង​ខណៈ​នោះ​ដែរ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​របស់រដ្ឋ ​Michigan​ និយាយ​ថា លោក​ ត្រាំ អាច​មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ត្រឡប់​ទៅ​កាន់​រដ្ឋ​នោះ​ទៀត​ទេ ប្រសិន​បើ​ លោក​បដិសេធ​មិន​ពាក់​ម៉ាស់​ក្នុង​កន្លែង​សាធារណៈ​នោះ។

លោក​ប្រធានាធិបតី ត្រាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​រថយន្ត ​Ford​ នៅ​ជិត​ទីក្រុង​ Detroit​ ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​រោងចក្រ​ស្ថាបនា​ម៉ាស៊ីន​ដក​ដង្ហើម។

នាយកប្រតិបត្តិ​ក្រុមហ៊ុន​ Ford​ ទាំង​អស់ ដែល​បាន​បង្ហាញ​លោក​ប្រធានាធិបតី​ ត្រាំ ជុំវិញ​រោងចក្រ​នោះ បាន​ពាក់​ម៉ាស់។ ក៏ប៉ុន្តែ លោក​ប្រធានាធិបតី ត្រាំ ដូច ដែល​លោក បាន​ធ្វើ​ជានិច្ច​កាល បាន​បដិសេធ​ពុំ​ព្រម​ពាក់​ម៉ាស់។

លោកស្រី ​Dana Nessel​ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​រដ្ឋ ​Michigan ​បាន​និយាយ​ថា​ វា​មិន​មែន​ជា​គោលន​យោបាយ​របស់​ក្រុមហ៊ុន ​Ford Motor​ ដែល​តម្រូវ​ឲ្យ​ភ្ញៀវ​ទាំង​អស់​ទៅ​ទស្សនា​រោចក្រ​នោះ​ពាក់​ម៉ាស់​ វា​ក៏​ជា​ច្បាប់​របស់​រដ្ឋ​ដែរ។

លោកស្រី ​Nessel មាន​ប្រសាសន៍​ទៀត​ថា៖​ «លោក នឹង​ត្រូវ​បាន​សុំ​មិន​ឲ្យ​វិល​ត្រឡប់​មក​កាន់​រោងចក្រ​ណា​នៅ​ក្នុង​រដ្ឋ​របស់​លោក​ស្រី យើង នឹង​ត្រូវ​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ណា​ដែល​អនុញ្ញាត​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​នេះ​កើត​នៅ​ថ្ងៃ​អនាគត»៕