ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើផ្ដល់ការសម្របសម្រួលដល់ជម្លោះរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានទាក់ទិននឹងតំបន់ Kashmir។
លោក Trump បាននិយាយនៅឯសេតវិមានកាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលលោកជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan យ៉ាងដូច្នេះថា៖ «ប្រសិនបើខ្ញុំអាចជួយ ខ្ញុំចង់ធ្វើជាអ្នកសម្របសម្រួល [សម្រាប់ជម្លោះនៅតំបន់ Kashmir]។ លោកបានបន្ថែមថា៖ «ប្រសិនបើខ្ញុំអាចជួយអ្វីបាន សូមឲ្យខ្ញុំដឹងផង»។
លោក Trump បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក៏បានស្នើលោកឲ្យជួយដោះស្រាយជម្លោះនៅតំបន់ Kashmir ផងដែរ។ ប៉ុន្តែ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា លោក Modi មិនបានស្នើដូច្នេះនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Raveesh Kumar បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា៖ «យើងបានឃើញការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថា លោកត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួលបញ្ហានៅតំបន់ Kashmir ប្រសិនបើស្នើដោយប្រទេសឥណ្ឌា និងប៉ាគីស្ថាន។ លោកនាយករដ្ឋមន្ត្រី Narendra Modi មិនបានស្នើដូច្នេះចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ។
លោក Kumar បានបន្ថែមដូច្នេះថា៖ «ឥណ្ឌាបានប្រកាន់គោលជំហរជាបន្តរហូតមកថា បញ្ហានានាដែលមិនទាន់ដោះស្រាយជាមួយនឹងប្រទេសប៉ាគីស្ថានគឺនឹងត្រូវពិភាក្សាដោយទ្វេភាគីតែប៉ុណ្ណោះ។ កិច្ចព្រមព្រៀងណាមួយជាមួយនឹងប្រទេសប៉ាគីស្ថានអាចតម្រូវឲ្យមានការបញ្ចប់អំពើភេរវកម្មឆ្លងព្រំដែន»។
ឥណ្ឌាបានទាមទារឲ្យប៉ាគីស្ថានចាត់វិធានការបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធឥស្លាមនៅតំបន់ Kashmir។ ប៉ុន្តែ រដ្ឋាភិបាលប៉ាគីស្ថានបដិសេធថាខ្លួនមិនបានគាំទ្រក្រុមទាំងនេះនោះទេ។
អស់រយៈពេលជាយូរមកហើយ ប៉ាគីស្ថានបានស្វែងរកការសម្របសម្រួលរបស់សហរដ្ឋអាមេរិកសម្រាប់ជម្លោះនៅក្នុងតំបន់ Kashmir ប៉ុន្តែកាលពីលើកមុនៗ សហរដ្ឋអាមេរិកបានបញ្ជាក់ថា បញ្ហានេះត្រូវតែដោះស្រាយដោយទ្វេភាគីរវាងឥណ្ឌា និងប៉ាគីស្ថាន៕