លោក Trumpប្រហែល​មិន​ជួប​ប្រជុំ​ជាមួយ​លោក Castro និង​លោក Maduro នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ទ្វីប​អាមេរិក​

ប្រធានាធិបតី​ប្រទេស​វ៉េណេស៊ុយអេឡា ​Nicolas Maduro

គេ​មិន​រំពឹង​ថា​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិកDonald Trumpនឹង​ជួប​ជាមួយ​មេ​ដឹកនាំ​ប្រទេស​គុយបា​ និង​វេណេស៊ុយអេឡា​ទេ​នៅ​ខណៈ​លោក​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​ស្តី​ពី​ទ្វីប​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​មន្រ្តី​សេតវិមាន។ ប៉ុន្តែ​នៅ​មាន​ឱកាស​ច្រើន​ទៀត​នៅក្នុង​ការ​ធ្វើ​ទំនាក់ទំនង​រវាង​លោក Trump ​និង​សមភាគី​របស់​លោក​នៅក្នុង​តំបន់​អាមេរិកឡាទីន​ និង​អាមេរិក​ខាងជើង​ នៅ​ឯ​កិច្ច​កំពូល​ដែល​មាន​រយៈពេល​ពីរថ្ងៃ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​ទី១៣​ នៅ​ក្នុង​ទីក្រុង​ លីម៉ា​ ប្រទេស​ប៉េរូ។

កិច្ចប្រជុំ​នេះ​នឹង​រៀបចំ​ឡើង​នៅ​ស្រប​ពេល​ដែល​លោក Trumpមាន​គម្រោង​បញ្ចូន​កងទ័ព​ទៅ​កាន់​ព្រំដែន​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ប្រទេសម៉ិកស៊ិក​ និង​បាន​គំរាម​កំហែង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​នៅក្នុង​តំបន់​អាមេរិក​ខាងជើង​ ឬ​ហៅ​កាត់​ថា NAFTA។ អ្នក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ជាច្រើន​បាន​រិះគន់​ការ​យក​ពន្ធ​នា​ពេល​ថ្មីៗ​នេះ​របស់​លោកTrump ទៅ​លើ​ដែក​ថែប​និង​អាលុយមីញ៉ូម។ បើ​ទោះ​បី​ជា​ប្រទេស​ជាច្រើន​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នេះ​បាន​ទទួល​ការ​លើកលែង​យក​ពន្ធ​ជា​បណ្តោះ​អាសន្ន​យ៉ាងណា​ក៏​ដោយ​ ក៏​ប្រទេស​ទាំង​នោះ​បាន​គំរាម​ធ្វើ​ការ​សងសឹក​វិញ។

ទោះ​បី​ជា​មាន​ហតុការណ៍​ចលាចល​ទាំងអស់​នេះ​ក៏​ដោយ​ មន្រ្តី​សេតវិមាន​បាន​បញ្ជាក់​បន្តិចបន្តួច​ពី​របៀបវីរៈ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ។

មន្រ្តី​សេតវិមាន​នឹង​មិន​បញ្ជាក់​ទេ​ថា​តើ​លោក Trump នឹង​បន្ត​ថ្លែង​ពី​អ្វី​ដែល​លោក​កំពុង​គិត​ដែល​ជា​បញ្ហា​រសើប​មួយ​ចំនួន​ដូចជា​បញ្ហា​អន្តោប្រវេសន៍​នៅ​អំឡុង​ពេលកិច្ចប្រជុំ​កំពូល​នេះ​យ៉ាង​ណា​នោះ​ទេ៕