លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិងលោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការអូតង់នឹងជួបគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះនៅពេលមានជម្លោះរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងអង្គការអូតង់។
លោកប្រធានាធិបតីត្រាំកាលពីសប្តាហ៍មុនបានច្រានចោលការជំទាស់ប្រឆាំងមកពីមេដឹកនាំអឺរ៉ុបចំពោះការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ដើម្បីទប់ស្កាត់កម្មវិធីអាវុធនុយក្លែអ៊ែររបស់អ៊ីរ៉ង់។ ហត្ថលេខី៣ប្រទេសដែលរួមមានប្រទេសបារាំង ចក្រភពអង់គ្លេសនិងប្រទេសអាល្លឺម៉ង់កំពុងបន្តការគាំទ្ររបស់ខ្លួនដើម្បីទប់រដ្ឋាភិបាលក្រុង Tehran ទោះបីប្រធានាធិបតីត្រាំបានពោលអះអាងថា កិច្ចព្រមព្រៀងនោះមិនបានទប់ស្កាត់ការសាកល្បងកាំជ្រួចមីស៊ីលបាល់លីស្ទិកនិងយោធារបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈឹមបូព៌ា។
លោកស្រី Federica Mogherini អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប បាននិយាយនៅដើមសប្តាហ៍នេះថា «យើងកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដមួយ។ យើងកំពុងពិភាក្សាអំពីដំណោះស្រាយដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនោះនៅមានសុពលភាព»។
បន្ថែមពីនោះ ប្រធានាធិបតីត្រាំបានដាក់ពន្ធគយលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមពីបរទេស រួមមានសហភាពអឺរ៉ុបផង។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ប្រធានាធិបតីត្រាំបានឲ្យសហភាពអឺរ៉ុបដែលមានប្រទេស២៨ជាសមាជិករួចពន្ធគយរហូតដល់ថ្ងៃទី១ ខែមិថុនា៕