លោកប្រធានាធិបតីស.រ.អា. Donald Trump បានតែងតាំងទីប្រឹក្សាសន្តិសុខជាតិថ្មីម្នាក់កាលពីថ្ងៃចន្ទ ដោយលោកបានជ្រើសរើសលោកឧត្តមសេនីយឯក H.R. McMaster នៃកងទ័ពជើងគោកអាមេរិកាំងឱ្យកាន់តំណែងនេះ។ លោក McMaster ជាអ្នកយុទ្ធសាស្ត្រយោធាម្នាក់ដែលបានចំណាយពេលក្នុងអាជីពទាំងស្រុងរបស់លោកក្នុងកងយោធពលស.រ.អា.។
លោក Trump បានហៅលោក McMaster អាយុ៥៤ឆ្នាំថាជា «បុរសម្នាក់មានការប៉ិនប្រសប់និងបទពិសោធន៍ដ៏អាស្ចារ្យ»។
លោកប្រធានាធិបតីដែលបានធ្វើសេចក្តីប្រកាសនេះពីកន្លែងសម្រាកកាយរបស់លោកនៅ Mar-a-Lago ក្នុងរដ្ឋ Florida នៅជាប់នឹងឆ្នេរសមុទ្រ Atlantique បាននិយាយថាលោក Keith Kellogg ឧត្តមសេនីយឯកចូលនិវត្តន៍នៃកងទ័ពជើងគោកអាមេរិកាំងដែលបានបម្រើការជាទីប្រឹក្សាស្តីទីរបស់លោកនៅពេលនេះនឹងបម្រើការជានាយខុទ្ទកាល័យនៃក្រុមប្រឹក្សាសន្តិសុខជាតិ។
នៅពេលសព្វថ្ងៃនេះ លោក McMaster ជានាយកនៃមជ្ឈមណ្ឌលខាងសមត្ថភាពរួមបញ្ចូលនៃកងទ័ពជើងគោកដែលភាសាអង់គ្លេសហៅថា Army's Capabilities Integration ដែលជាទីភ្នាក់ងារមួយរបស់កងទ័ពជើងគោកមានភារកិច្ចខាងការរួមបញ្ចូល «សមត្ថភាពប្រយុទ្ធសង្គ្រាមទៅក្នុងកងកម្លាំង» និងជាមួយទីភ្នាក់ងារឯទៀតៗរបស់រដ្ឋាភិបាល។ លោក Trump បានជ្រើសរើសយកលោកលើបេក្ខជនយ៉ាងតិចណាស់បីនាក់ទៀត ដោយមានរួមបញ្ចូលទាំងលោក Kellogg ផងដែរ។
លោក McMaster នឹងជំនួសលោក Michael Flynn ដែលជាឧត្តមសេនីយកងទ័ពជើងគោកចូលនិវត្តន៍ដែលលោក Trump បានដកចេញពីតំណែងកាលពីមួយសប្តាហ៍មុននេះនៅក្រោយលោកបានកាន់តំណែងតែ២៤ថ្ងៃនៅពេលចាប់ផ្តើមការកាន់អំណាចរបស់លោក Trump នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ប្រធានាធិបតីថ្មីរូបនេះបាននិយាយកាលពីសប្តាហ៍មុនថាជាការមិនអាចទទួលយកបានទេដែលលោក Flynn បាននិយាយកុហកដល់លោកអនុប្រធាធិបតី Mike Pence អំពីការទាក់ទងដែលលោកមានជាមួយឯកអគ្គរដ្ឋទូតរុស្សីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៅមុនលោក Trump បានសម្ពោធតំណែងកាលពីមួយខែមុននេះ៕