លោក​ប្រធានាធិបតី​ត្រាំ ចាត់​វិធានការ​កម្រិត​ពួក​អ្នក​ធ្វើ​ការងារ​ជា​ជនបរទេស​ក្នុង​ក្រសួង​របស់​រដ្ឋាភិបាល​សហព័ន្ធ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាន់​បទបញ្ជា​ដែល​បាន​ចុះ​ហត្ថលេខា នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​តម្រូវ​ឱ្យ​ទីភ្នាក់ងារ​សហព័ន្ធ​បង្ហាញ​ថា ពួកគេ​នឹង​មិន​ដាក់​ជំនួស​អ្នក​ធ្វើ​ការងារ​ជនជាតិ​ជាតិ​អាមេរិកាំង​ដោយ​មនុស្ស​មក​ពី​ប្រទេស​ផ្សេង​ទៀត​ទេ។

សេតវិមាន​បាន​និយាយ​ថា ​បទបញ្ជា​ប្រធានាធិបតីនោះ​នឹង​ជួយ​រារាំង​ទីភ្នាក់ងារ​សហព័ន្ធ​កុំ​ឱ្យ​យក​ពួក​អ្នក​ធ្វើ​ការងារ​បរទេស​ដែល​មាន​កម្លាំង​ពលកម្ម​ថោក​ជំនួស​ពួក​អ្នក​ធ្វើ​ការងារ​ជា​ជនជាតិ​អាមេរិកាំង​ដែល​ជា​ការ​មិន​ត្រឹម​ត្រូវ​នោះ។

បទបញ្ជា​នេះ​តម្រូវ​ឱ្យ​ទីភ្នាក់ងារ​សហព័ន្ធ​ទាំងអស់​បញ្ចប់​ការ​ធ្វើ​សវនកម្ម​ផ្ទៃក្នុង​ដើម្បី​បង្ហាញ​ថា​តើ​ទីភ្នាក់ងារ​សហព័ន្ធ​ទាំង​នោះ​ជួល​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​និង​ពលរដ្ឋ​ផ្សេង​ទៀត​សម្រាប់​តំណែង​ការងារ​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ​ឬ​ទេ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ថា ចំណាត់ការ​របស់​លោក​មួយ​ផ្នែកបណ្តាល​មកពី​ការ​ប្រកាស​របស់​ពួកអាជ្ញាធរ​រដ្ឋ Tennessee Valley ឬ TVA ថា ខ្លួន​មាន​បំណង​ផ្តល់​ការងារ​ខាង​បច្ចេកវិទ្យា​ចំនួន​២០ភាគរយ​ដល់​បណ្តា​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​បរទេស​ដោយ​ប្រើ​ប្រភេទ​ទិដ្ឋាការ​ H-1B។

បទបញ្ជា​ប្រធានាធិបតី​នោះ​ក៏កើត​មាន​ឡើង​នៅពេល​ដែល​ពួកអ្នក​កាសែត​បរទេស​ខ្លះ​នៅ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA រង់ចាំ​ការ​សម្រេច​ថាតើ​ប្រភេទ​ទិដ្ឋាការ J-1 របស់​ពួកគេ​នឹង​ត្រូវ​បន្ត​ដែរ​ឬ​ទេ​បន្ទាប់ពី​ទីភ្នាក់ងារ​នេះ​ពិនិត្យ​មើល​ឡើង​វិញ​យ៉ាង​ខ្លាំង​នូវ​ប្រភេទ​ទិដ្ឋាការ​បែប​នេះ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទថា លោក​បាន​បណ្តេញ​លោក Skip Thompson ប្រធាន​អាជ្ញាធរTVA ចេញពី​តំណែង​ពីព្រោះ​តែ​ លោក​បាន​ជួល​ពួក​អ្នក​ធ្វើការ​បរទេស​ហើយ​ពួកគេ​បាន​ទទួល​ប្រាក់ខែ​ខ្ពស់​ពេក។

លោក​ប្រធានាធិបតី​ក៏បាន​គំរាម​កំហែង​ដក​សមាជិក​គណៈកម្មាធិការ​នាយក​ដែល​បាន​ទទួល​ការ​តែងតាំង​ឱ្យ​មើលការ​ខុសត្រូវ​ទីភ្នាក់ងារសហព័ន្ធ​ ប្រសិនបើ​ពួកគេ​បន្ត​ជួល​កម្លាំង​ការងារ​ជន​បរទេស​នោះ។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាស៍​ថា «ប្រសិន​ លោក អ្នក ក្បត់ពលរដ្ឋ​អាមេរិកាំង លោក អ្នក នឹង​ត្រូវ​បណ្តេញ​ចេញពី​តំណែង»៕