លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​និង​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង បង្ហាញ​ពីការ​បង្រួប​បង្រួម​គ្នា​ដើម្បី​ប្រឆាំង​កូរ៉េ​ខាង​ជើង

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ថ្លែង​នៅ​ក្នុង​សួន​ផ្កា​កុលាប​នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ត្រាំ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​ថា ​សហរដ្ឋ​អាមេរិក​លែង​មាន​ការ​អត់​ធ្មត់​ជាមួយ​កូរ៉េ​ខាង​ជើង​ទៀត​ហើយ​នៅពេល​ដែល​លោក​ប្រធានា​ធិបតី​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​ឯ​សេតវិមាន។

​ថ្លែង​នៅ​សួន​កុលាប​ជាមួយ​ប្រធានា​ធិបតី Moon Jae-in នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​សន្យា​ធ្វើ​ការ​ឆ្លើយ​តប​ដ៏​ខ្លាំង​ប្រឆាំង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួចមីស៊ីល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោកប្រធានា​ធិបតី​ត្រាំ ​បាន​និយាយ​សំដៅ​ដល់​វិធី​ដោះស្រាយ​របស់​ប្រធានា​ធិបតី​អាមេរិក​កាន់​តំណែង​មុន​លោកដល់​ប្រទេស​កូរ៉េខាង​ជើង​ថា «សករាជ​នៃ​ការ​អត់​ធ្មត់​យ៉ាង​ខ្លាំង​ជាមួយ​របប​កូរ៉េខាង​ជើង​បាន​ទទួល​បរាជ័យ។ ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ភាព​អត់​ធ្មត់​នោះបាន​ទទួល​បរាជ័យ ​ហើយ​និយាយ​តាម​ត្រង់ ​ការ​អត់​ធ្មត់​នោះ​បាន​ចប់​ហើយ‍»។

ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​និង​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Moon មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ថាតើ​ដាក់​ការ​គាប​សង្កត់​ប៉ន្មាន​ដើម្បី​ឲ្យ​កូរ៉េខាង​ជើង​បោះ​បង់​ចោល​កម្មវិធី​អាវុធ​របស់​ខ្លួន​នោះ។ មេដឹកនាំ​ទាំង២​ក៏​បាន​រិះគន់​ទស្សនៈ​វិស័យ​ខ្លះៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ខាង​វិស័យ​ការពារ​ប្រទេស​របស់​ប្រទេស​ទាំង​២។ ក៏ប៉ុន្តែ ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​មេដឹកនាំ​ទាំង២​ក៏​បាន​បង្ហាញ​នូវ​សាមគ្គី​ភាព​គ្នា​ដែរ។

បន្ទាប់​ពីការ​ពិភាក្សា​ដែល​មាន​រយៈ​ពេល​៣០​នាទី​យូរជាង​ការ​គ្រោងទុក ​ប្រធានា​ធិប​តី Moon បាន​សរសើរ​ការតាំង​ចិត្ត​និង​ភាព​ប្រាកដ​និយម​របស់​លោក​ប្រធានា​ធិបតី​ត្រាំ ​ហើយ​បាន​និយាយ​ទៀត​ថា ​ពួកអស់​លោក​អាច​ស្ថាបនា​ការ​មូល​មតិ​ដ៏​ធំ​ទូលាយ​ស្តី​ពី​បញ្ហា​នានា​ចាប់​តាំង​ពី​ចំណង​ទាក់​ទង​ខាង​ការពារ​ប្រទេស​រហូត​ដល់​បញ្ហា​នុយក្លេអ៊ែរ។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បាន​មាន​ប្រសាសន៍​ថា «បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​ដោះ​ស្រាយ​ដោយ​គ្មាន​ការ​ខកខាន។ គ្រប់​រូបភាព​ទាំង​អស់ កូរ៉េខាង​ជើង​មិន​ត្រូវ​មើល​ងាយ​ដល់​ការ​តាំង​ចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​បញ្ហា​នេះ​ទេ‍»៕