ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ជួប​មេដឹកនាំ​កូរ៉េខាង​ជើង​គីម ​ជុង​អ៊ុន ​នៅ​​តំបន់​គ្មាន​យោ​ធា​ក្នុង​ទឹក​ដី​កូរ៉េខាង​ជើង

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​អំណាចលើក​ទី​១​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​កូរ៉េខាង​ជើង ​ដោយឆ្លង​ព្រំ​ដែន​ក្នុងជំនួប​នៅតំបន់​គ្មាន​យោ​ធា​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុងអ៊ុន។

​បន្ទាប់​ពីការ​ចាប់​ដៃ​ជាមួយ​គីម ជុង​អ៊ុន​នៅ​ភូមិព្រំ​ដែន​ប៉ានមុនជំ (Panmunjom)ប្រធានាធិបតី​ត្រាំ ​បាន​ឆ្លង​ខ្សែបន្ទាត់​ព្រំ​ដែន​យោ​ធា​ដែល​បែងចែកកូរ៉េទាំង២។​ បន្ទាប់​មក គីម ជុង​អ៊ុន​និង​ប្រធានា​ធិបតី​ត្រាំ បាន​ឆ្លង​កាត់​ព្រំ​ដែន​ត្រឡប់​ចូល​ក្នុង​ទឹកដី​កូរ៉េខាង​ត្បូង​វិញ។

គីម ជុងអ៊ុន បាន​ប្រាប់​ប្រធានាធិបតី​ត្រាំ​ថា «រីករាយ​បាន​ជួប​លើក​ម្តងទៀត។ ខ្ញុំ​មិន​ដែល​រំពឹង​ថា ​នឹង​ជួប​លោក​នៅទី​កន្លែង​នេះ​ទេ»។

​ប្រធានា​ធិបតី​ត្រាំ ​ដែល​បាន​អញ្ជើញ​គីម ​ជុង​អ៊ុន​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​គ្នា​នៅ​ពេល​ណា​មួយ​បាន​និយាយថា «​ការ​ដើរឆ្លង​កាត់​បន្ទាត់​ព្រំ​ដែន​នេះ​ជា​កិត្តិយស​ដ៏​ធំ​មួយ»។

លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ជំនួប​នេះ ​នឹង​មាន​រយៈ​ពេល​២នាទី។ ​ទៅ​ជាយ៉ាង​ណាក៏ដោយ ​ការ​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​របស់​លោក​ត្រាំ​ជាមួយ​គីម ជុងអ៊ុន ​មាន​រយៈ​ពេល​៥០​នាទី ​ដែល​បាន​ក្លាយ​ទៅ​ជា​ជំនួប​កំពូលឥត​គ្រោង​ទុក​មួយ។

នៅពេល​ដែល​ប្រធានា​ធិបតី​ត្រាំ ​ចេញ​ពី​ជំនួប​នោះ ​លោក​បាន​ប្រកាស​ថា លោក​និងគីម ​ជុង​អ៊ុន ​បាន​ព្រម​ព្រៀង​គ្នា​បង្កើត​ក្រុម​មួយ​ដើម្បី​ចាប់​ផ្តើម​ការ​ពិភាក្សាថ្នាក់​ការ ងារ​ឡើង​វិញ។

ប្រធានាធិបតី​ត្រាំ និយាយ​ថា «ក្រុម​ការងារ​នោះ នឹង​ជួប​គ្នា​នៅ​រយៈ​ពេល​បីបួន​សប្តាហ៍​បន្ទាប់​ទៀត ​ហើយ​ពួកគេ ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ពិភាក្សា​យើង ​នឹង​ឃើញ​អ្វី​ដែល​នឹង​កើត​មាន​ឡើង។ សន្ទុះ​នៃ​ការចរចា​មិនមែន​ជាគោលបំណង​ទេ ​យើង​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ធំទូលាយ​និង​ល្អមួយ»។

នេះ​ជា​ជំនួប​លើក​ទី៣​រវាង​គីម ជុង​អ៊ុន​និង​ប្រធានា​ធិបតី​ត្រាំ ​បន្ទាប់​ពី​ជំនួប​ក្នុង​ប្រ​ទេស​សិង្ហបូរី​កាល​ពី​ខែមិថុនា​ឆ្នាំទៅ​ហើយ​នឹង​ក្នុង​ប្រទេស​វៀត​ណាម​កាល​ពី​ខែ​កុម្ភៈ។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ជំនួប​កំពូល​នៅ​តំបន់​គ្មាន​យោ​ធា(DMZ) បាន​បង្កើន​នូវ​ក្តី​សង្ឃឹម​ពីការ​ពិភាក្សា​អាវុធ​នុយក្លែអ៊ែរ​ឡើង​វិញ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថាតើ​មានការ​ជឿនលឿន​ប៉ុន្មាន​ទេ៕