លោក Trump ថា​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​នឹង​ធ្វើនៅ​ក្នុង​ប្រទេស​សិង្ហបូរី​

ប្រេសិត​កូរ៉េខាងជើង​ Kim Yong Chol ថត​ជាមួយ​ប្រធានាធិបតី​អាមេរិក​ ត្រាំ ខណ​ដែល​លោក​ចាកចេញ​ពី​សេតវិមាន​បន្ទាប់​ពី​កិច្ច​ប្រជុំមួយ​ក្នុង​សហរដ្ឋ​អាមេរិកកាលពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃ​សុក្រ​ លោកប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ជួប​ចំនួន៨០នាទី​នៅ​ក្នុង​បន្ទប់រាង​ពង​ក្រពើ​នៃ​សេតវិមាន​ជាមួយ​ឧត្តមសេនីយ៍​ម្នាក់​ដែល​លោកបានពណ៌​នា​ថា​ជា​បុរស​មានអំណាច​ខ្លាំង​បំផុត​ទី​ពីរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។​

នៅក្រោយ​ជំនួបនេះ​លោក Trump បាននិយាយ​ប្រាប់​អ្នក​កាសែត​មួយ​ក្រុម​នៅ​លើ​វាល​ស្មៅ​ខាង​ត្បូងក្នុង​បរិវេណ​សេតវិមានថាជំនួប​កំពូលនៅ​ក្នុង​ប្រទេស​សិង្ហបូរី​នៅ​ថ្ងៃ​ទី​១២ខែ​មិថុនា​រវាង​លោក​និង​លោក Kim Jong Un នឹង​ធ្វើតាម​ការ​កំណត់។

ក៏​ប៉ន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ក៏លោក Trump បានបំបាត់​ការ​រំពឹង​ខ្លាំង​ខ្លះ​ដោយលោក​បាននិយាយ​ថា​ជំនួបនេះ​គ្រាន់​ «តែ​ជាការ​ចាប់ផ្តើម» ហើយ​ទំនង​ជា​នឹង​មាន​ការ​ពិភាក្សា​គ្នា​ថែម​ទៀតដើម្បី​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​យល់ព្រម​ការ​ធ្វើមិនឱ្យ​មានអាវុធ​នុយក្លេអ៊ែរ។

លោកប្រធានាធិបតី​អាមេរិកាំង​រូបនេះ​បានថ្លែង​ថា «យើង​នឹងមិន​ទៅទីនោះ​ហើយ​ចុះហត្ថលេខា​លើឯកសារ​នានា​នៅ​ថ្ងៃទី១២ខែ​មិថុនាទេ​ហើយ​យើងមិន​ដែល​ធ្វើដូចនេះទេ។ ​យើង​នឹង​ចាប់ផ្តើមដំណើរការមួយ»។

លោក Trump បានប្រកាស​ថា​លោក «មិន​ដែល​និយាយ​ថា​កិច្ចព្រមព្រៀងគ្នា​នឹង​កើតមានឡើង​ក្នុង​ការ​ជួបជំនុំ​គ្នា​តែ​ម្តងទេ»​ តែ​ថាវា «ជា​ដំណើរការមួយ​ប្រកប​ដោយជោគជ័យ»។

នៅ​ពេលត្រូវ​សួរ​ដោយ​អ្នកយកព័ត៌មាន​របស់​ VOA អំពី​ថា​តើពួក​កូរ៉េខាង​ជើង​ប្តេជ្ញាឬទេ​អំពីការ​ធ្វើមិនឱ្យ​មានអាវុធ​អ៊ុយក្លែអ៊ែរទាំង​ស្រុង ត្រួតពិនិត្យ​បាននិង​មិន​អាចប្រែ​ក្រឡាស់​នោះ លោក​ Trump គ្រាន់តែ​ឆ្លើយតប​ថា​ «យើង​និយាយ​អំពី​បញ្ហា​ជា​ច្រើន»។

លោកប្រធានាធិបតី​បាននិយាយ​ថា​លោក​បាននិយាយ​ប្រាប់លោក Kim ដែល​ជា​អតីតប្រធានផ្នែក​ស៊ើបការ​សម្ងាត់យោធា​នៃប្រទេសកូរ៉េខាង​ជើង​ថា​«សូម​កុំប្រញាប់ប្រញាល់។ យើង​អាចចាត់វិធានការ​លឿនក៏​បាន​ យឺតក៏បាន»។

លោក​ប្រធានាធិបតី​បានមាន​ប្រសាសន៍​ច្បាស់លាស់​ថាការ​ដាក់​ទណ្ឌកម្ម​លើប្រទេសកូរ៉េ​ខាង​ជើង​នឹង​ត្រូវ​លុបចោលតែ​នៅ​ពេលណា​ដែល​ប្រទេស​នេះ​យល់ព្រម​បោះបង់​ឃ្លាំង​អាវុធ​អ៊ុយក្លែអ៊ែរ​របស់​ខ្លួន៕