ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កំពូល​កូរ៉េខាងជើង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ពិភាក្សា​អំពី​ជំនួប​កំពូល​ដែល​អាច​កើតឡើង​រវាង​លោក Trump និងលោក Kim


លោក Kim Yong Cho ដើរ​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​អះអាង​ថា​មន្ត្រី​កំពូល​កូរ៉េខាង​ជើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញ៉ូវយ៉ក​ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​គម្រោង​ជំនួប​កំពូល​រវាង​សហរដ្ឋអាមេរិក​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un។

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េ​ខាងត្បូងបាន​រាយការណ៍​អំពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ និង​បន្ទាប់​មក​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃពុធ​ស្អែក​នេះ។

យោង​តាម​បណ្តាញ​ព័ត៌មាន​ផ្សេងៗ​បាន​រាយការណ៍​ថា​មាន​គេ​ឃើញ​លោក Kim Yong Chol អតីត​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ និង​អនុប្រធាន​គណបក្ស​កាន់​អំណាច​កូរ៉េ​ខាង​ជើង​នា​ពេល​បច្ចុប្បន្ន​ នៅ​ឯ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

មន្ត្រី​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ជើង​បាន​ជួបប្រជុំ​គ្នា​កាល​ពី​ថ្ងៃសៅរ៍​នៅ​ឯ​តំបន់​គ្មាន​យោធា​នៃ​ប្រទេស​កូរ៉េទាំងពីរ។ លោក Joe Hagin នាយខុទ្ទការល័យ​រង​នៃ​សេតវិមាន និង​មន្ត្រី​ផ្សេងទៀត​មក​ពី​រដ្ឋបាល​លោក Trump​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេសសិង្ហបុរី​ ដែល​ជា​ទីតាំង​សម្រាប់​រៀបចំ​ជំនួប​កំពូល។

មន្ត្រី​សេតវិមាន​បាន​បញ្ជាក់​ប្រាប់ VOA កាលពី​ថ្ងៃចន្ទថា «ពួកមន្ត្រី​សហរដ្ឋអាមេរិក​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​ទៅ​រៀបចំ​ទីតាំង​សម្រាប់​ជំនួប​កំពូល»។

នៅ​មុន​ជំនួប​កំពូល​រវាង​លោក Trump និង​លោក Kim លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ជួបពិ​ភាក្សា​ដោយ​ផ្ទាល់​ជាមួយនាយករដ្ឋ​មន្ត្រី​ជប៉ុន​លោក ​Shinzo Abe។ លោក Abe បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ទីក្រុង​តូក្យូ​បន្ទាប់​ពី​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក Trump រួច​មក​ថា «យើង​បាន​យល់ព្រម​ជួបគ្នា​នៅ​មុន​ជំនួប​កំពូល​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង»។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​ឲ្យ​ដឹង​ថា​ តាមរយៈ​កិច្ចសន្ទនារ​តាម​ទូរស័ព្ទ​នេះ​ លោក Trump និង​លោក Abe ក៏​បាន «បញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ជោគជ័យក្នុង​ការ​បញ្ចប់​ និង​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ជា​អចិន្ត្រៃយ៍​ អាវុធគីមី និង​អាវុធ​ជីវសាស្ត្រ​ផងដែរ»៕

XS
SM
MD
LG