លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងធ្វើដំណើរតាមយន្តហោះ Air Force One ពីប្រទេសអារ៉ាប៊ីសាអូឌីតទៅប្រទេសអ៊ីស្រាអែល នៅថ្ងៃច័ន្ទនេះ។
លោករដ្ឋមន្ត្រីការបរទេស Rex Tillerson នឹងធ្វើសន្និសីទសារព័ត៌មានសង្ខេបនៅលើយន្តហោះ Air Force One នៅក្នុងអំឡុងពេលហោះហើរនេះ។ នេះបើយោងតាមការបញ្ជាក់របស់សេតវិមាន។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលរបស់លោក Trump លើកនេះ គឺជាដំណើរទស្សនកិច្ចដំបូងរបស់លោកក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិក។ គោលបំណងរបស់លោក Trump នៅក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីស្ដារឡើងវិញនូវកិច្ចប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងប្រជាពលរដ្ឋប៉ាឡេស្ទីន។
លោក Trump នឹងជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ហើយលោក Trump នឹងក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងដំបូងបង្អស់ ដែលទៅទស្សនកិច្ចទីសក្ការបូជា Western Wall ដែលជាទីសក្ការៈដ៏ពិសិដ្ឋបំផុតនៃវប្បធម៌សាសនារបស់ជនជាតិជ្វីប។
កាលពីខែមីនាកន្លងទៅនេះ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺ «ប្រហែលជាមិនពិបាកដូចអ្វីដែលមនុស្សទូទៅគិតនោះទេ» ទោះបីជាលោកមិនបានផ្ដល់សញ្ញាណាមួយអំពីថាតើលោកនឹងមានដំណោះស្រាយយ៉ាងណាចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ ខុសប្លែកពីរដ្ឋាភិបាលសហរដ្ឋអាមេរិកអាណត្តិមុនៗ ក៏ដោយ។
លោក Trump បាននិយាយនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំមុនថា វិធីដែលល្អបំផុតដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាពនេះ គឺការប្រើវិធីសាស្ត្រមិនលម្អៀងមួយ ចំពោះបញ្ហាដែលប៉ះពាល់ផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ដែលធ្វើឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនបែកបាក់គ្នាដូចនេះ៕