លោក​ Trump ​រក​វិធី​តទល់​ជាមួយ​លោក​ Cruz ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម​នៅ​រដ្ឋ Indiana

មនុស្ស​ធ្វើ​បាតុកម្ម​ដោយ​កាន់​រូប​លោក​ Trump នៅ​ក្នុង​ទីវា​សិទ្ធិ​របស់​ជន​អន្តោប្រវេសន៍ កាល​ពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ២០១៦ នៅ​ទីក្រុង Los Angeles រដ្ឋ California។

លោក ​Donald Trump ​បេក្ខជន​នាំ​មុខ​ខាង​គណបក្ស​សាធារណរដ្ឋ ​ប្រឈម​នូវការ​សាក​ល្បង​ចុង​ក្រោយ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ Indiana ​ជាមួយ​លោក ​Ted Cruz​ សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ​រដ្ឋ​តិចសាស​និង​ជា​គូ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​របស់​លោក។

ជ័យ​ជម្នះ​របស់​លោក ​Trump ​នៅ​ក្នុង​រដ្ឋ​ Indiana​ ទំនង​ដាក់​លោក​នៅ​លើ​ផ្លូវ​មួយឆ្ពោះ​ទៅ​កាន់​ការ​ទទួល​តែ​តាំង​ជាបេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សា​ធារណរដ្ឋមុន​ពេល​សន្និបាត​ជាតិ​នៅ​ក្នុង​ទីក្រុង ​Cleveland​ នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ។

ការស្ទង់​មតិ​កាល​ពីពេល​ថ្មីៗ​នេះ​ដោយ​បណ្តាញ​ទូរទស្សន៍ NBC ​កាសែត ​Wall Street Journalនិង ​Marist ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​លោក ​Trump ​បាន​នាំ​មុខ១៥​ពិន្ទុ​នៅ​ក្នុង​រដ្ឋ ​Indiana​ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​ការ​ស្ទង់​មតិ​កាល​ពី​ដំបូង​ មាន​ការ​ប្រែប្រួលពេល​ដែល​បន្ត​ការ​នាំ​មុខ។

លោក ​Trump​ ដែល​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង ​បាន​ប្រាប់​ពួក​អ្នកគាំទ្រ​នៅ​ឯ​ការ​ប្រជុំ​មហាជន​ក្នុង​ទីក្រុង ​Terre Hauteរដ្ឋ ​Indiana ​ថា ​លោក​កំពុង​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ប្តូរ​ទៅ​កាន់​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ទូទៅ​ ហើយ​និង​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​លោក ​Cruz ​និង​លោក​ John Kasich​ អភិបាល​រដ្ឋ ​Ohio​ ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​លោក។

លោក ​Trump ​បាន​និយាយ​ថា៖ «អស់​លោក ​អ្នក​ដឹង​ហើយ​ថា ​យើង​ឈ្នះ​មាន​សារៈ​សំខាន់​បំផុត ​ពី​ព្រោះ​យើង​ឈ្នះ​ យើង​ចង់​រៃ​អង្គាស​ប្រាក់​សម្រាប់​គណបក្ស ​យើង​ចង់​រៃ​អង្គាស​ប្រាក់​សម្រាប់​ការ​ប្រកួត​ប្រជែង​ព្រឹទ្ធសភា​និង​សម្រាប់​ការ​ប្រកួត​ប្រជែង​សភា ​ហើយ​និង​ធ្វើ​អ្វីផ្សេងៗ​ទៀតក្រៅ​ពី​ការ​ខ្ជះខ្ជាយ​ពេលវេលារបស់​យើង​ជាមួយ​អ្នកទាំង​នោះ‍»៕