កាលពីយប់ថ្ងៃព្រហស្បតិ៍ មានមនុស្សមួយចំនួនបានត្រូវចាប់ខ្លួននៅពេលដែលពួកប៉ូលិសបានបំបែកការប៉ះទង្គិចគ្នារវាងពួកអ្នកគាំទ្រនិងពួកអ្នកប្រឆាំងលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីនាំមុខគេខាងគណបក្សសាធារណរដ្ឋដែលសម្បូររឿងចម្រូងចម្រាស់ នៅក្នុងផ្នែកខាងត្បូងនៃរដ្ឋ California។
នៅក្នុងការប៉ះទង្គិចនោះ ពួកប៉ូលិសដែលមានកាន់ឧបករណ៍ទប់ទល់នឹងកុប្បកម្មនិងជិះសេះបានបង្កើតជារបាំងមួយរវាងពួកជនទាំងពីរក្រុមនេះនៅខាងក្រៅរង្គដ្ឋាន Pacific នៃស្រុក Orange ជាទីដែលលោក Trump បានថ្លែងសុន្ទរកថាឃោសនាបោះឆ្នោតមួយ។
កញ្ចក់បង្អួចឡានប៉ូលិសមួយគ្រឿងបានត្រូវវាយបំបែកហើយប៉ូលិសមួយចំនួនបានត្រូវរបួសនៅមុនពេលអាជ្ញាធរអាចត្រួតត្រាហ្វូងមនុស្សនេះបាន។
កាលពីពេលមុននោះក្នុងថ្ងៃព្រហស្បតិ៍ដដែល លោក Trump ដែលជាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារបាននិយាយមើលងាយដល់ការខិតខំប្រឹងប្រែងរបស់លោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យដើម្បីឱ្យបានកាន់តំណែងប្រធានាធិបតីស.រ.អា.ដោយលោកបាននិយាយថា លោកស្រីមិនអាចមានឱកាសនេះបានទេ លើកលែងតែមានការពិតជាក់ស្តែងមួយថា លោកស្រីប្រើ«ឋានៈលោកស្រីជាស្ត្រី»ក្នុងសេចក្តីសង្ឃឹមថា នឹងក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយរបស់ស.រ.អា.។
អ្នកអភិវឌ្ឍអចលនទ្រព្យរូបនេះបាននិយាយប្រាប់បណ្តាញទូរទស្សន៍អាមេរិកាំង NBC News ថា«លោកស្រី Clinton ប្រើឋានៈនោះដែលខ្ញុំមិនធ្លាប់ឃើញមាននរណាម្នាក់ធ្វើបែបនេះពីពេលមុនៗទេ។ អ្វីទាំងអស់ដែលខ្ញុំធ្វើគឺធ្វើឱ្យឃើញច្បាស់លាស់អំពីការណ៍នេះ គឺថាបើគ្មានឋានៈជាស្ត្រីទេ Hillary ជាមនុស្សម្នាក់ដែលមិនអាចឈរឈ្មោះសម្រាប់តំណែងមួយក្នុងក្រុមប្រឹក្សាក្រុងបានឡើយ»៕