លោក​ត្រាំ​ធ្វើ​ការ​វាយប្រហារ​ជា​ថ្មី​លើ​ក្រុមហ៊ុន​បណ្តាញ​សង្គម

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលទស្សនកិច្ចនៅរោងចក្រមួយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ថ្ងៃ​ពុធ​បានធ្វើ​ការ​វាយប្រហារ​ជា​ថ្មី​លើ​ក្រុមហ៊ុនបណ្តាញ​សង្គម​ ដោយលោក​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​យល់​ថា​ ក្រុមហ៊ុន​ទាំង​នេះ​រឹតត្បិត​ទាំង​ស្រុង​នូវ​សំឡេង​អភិរក្ស​និយម​របស់​ពួក​គេ។

ការ​ខឹង​សម្បារ​របស់​លោក​ត្រាំ​ទៅ​នឹង​ក្រុមហ៊ុន​បណ្តាញ​សង្គម​អាមេរិក​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះក្រោយ​ពី​បណ្តាញ​សង្គម Twitter ជា​លើក​ដំបូង​បំផុត​បានកំណត់​ចំណាំ​សារ​ tweet របស់​លោក​ចំនួន​ពីរ​ ដោយ​បញ្ជាក់​ទៅ​អ្នក​តាមដាន​ថា​សារ​របស់​លោក​ត្រាំ «មាន​ការ​អះអាង​មិន​មាន​ភស្តុតាង​ដែល​ថា​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នឹង​នាំ​ឲ្យមាន​ការ​បន្លំ​សន្លឹក​ឆ្នោត។ ​

នៅក្រោម​សារ​ tweet របស់​លោក​ត្រាំ បណ្តាញ​ Twitter បាន​ណែនាំ​ឲ្យ​អ្នក​អាន​ស្វែង​រក​ការ​ពិត​ដោយ​ភ្ជាប់​សារ​នេះ​ទៅ​នឹងអត្ថបទ​របស់​ទូរទស្សន៍ CNN និង​កាសែត​ Washington Post ដែល​ជា​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ពីរ​ដែល​កន្លង​មក​លោក​ត្រាំ​បាន​ពិពណ៌នា​ថា​ជា​«ព័ត៌មាន​ក្លែងក្លាយ»។

លោក​ត្រាំ​បាន​ប្តេជ្ញា​ថា​ លោកនឹងមាន​វិធានការ​គ្រប់គ្រង​តឹងរ៉ឹង​ជាង​មុន​ឬ​បិទ​បណ្តាញ​សង្គម​ណា​ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​អភិរក្ស​និយម​អាច​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ។

លោក​ប្រធានាធិបតី​អះអាង​ថា​ កាល​ពី​អំឡុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បណ្តាញ​សង្គម​នានា​បាន​ព្យាយាម​មិន​បាន​សម្រេច​ក្នុង​ការ​បំបិទ​សំឡេង​ក្រុម​អ្នក​អភរិក្ស​និយម ហើយ​លោក​ថា ​លោក​នឹងទប់ស្កាត់​ការ​ព្យាយាម​ទាំង​នេះ​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ៕