មេធាវី​លោក Trump ស្នើ​ចៅក្រម​កុំ​ឱ្យ​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ FBI មើល​ឯកសារ​សម្ងាត់​ដែល​រឹបអូស​បាន

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​ការជួបជុំ​មួយ​នៅ​ក្រុង Wilkes-Barre រដ្ឋPennsylvania កាលពី​ថ្ងៃ​សៅរ៍ ទី៣ ខែ​កញ្ញា ឆ្នាំ២០២២។

កាលពី​ថ្ងៃ​ចន្ទ ក្រុម​មេធាវី​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ស្នើ​ចៅក្រម​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​អនុញ្ញាត​ឱ្យ​ក្រសួង​យុត្តិធម៌​មាន​លទ្ធភាព​អាច​មើល​ឯកសារ​សម្ងាត់​ជាង ១០០ ដែល​រឹបអូស​បាន​ពី​ភូមិគ្រឹះ Mar-a-Lago របស់​លោក​នៅ​ក្នុង​រដ្ឋ Florida នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​លើ​ករណី​ដែល​លោក​បាន​រក្សា​ទុក​ឯកសារ​របស់​រដ្ឋាភិបាល។

ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា ប្រសិនបើ​ខ្លួន​មិន​អាច​មើល​ឯកសារ​ទាំង​នោះ​បាន នោះ​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) នឹង​មិន​អាច​ជំរុល​ទៅ​មុខ​នូវ​ការស៊ើប​អង្កេត​ក្នុង​ពេល​មួយ​ខែ​កន្លង​មក​តាម​រយៈ​ការ​សាកសួរ​សាក្សី​ និង​ការ​បង្កើត​ភ័ស្តុតាង​ផ្សេង​ទៀត​នោះ​ទេ។

ការ​មិន​មាន​លទ្ធភាព​នៅ​ក្នុង​ការ​មើល​ឯកសារ​សម្ងាត់​ទាំង​នេះ​ក៏​បាន​បង្អាក់​ផង​ដែរ​ដល់​ការ​វាយតម្លៃ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​លើ​ហានិភ័យ​សន្តិសុខ​ដែល​បង្ក​ឡើង​ដោយ​ការ​រក្សាទុក​ឯកសារ​ទាំង​នោះ​នៅ​ឯ​ភូមិគ្រឹះ​របស់​លោក Trump។ នេះ​បើ​យោង​តាម​ការ​បង្ហាញ​របស់​ក្រសួង​យុត្តិធម៌​កាលពី​សប្ដាហ៍​មុន។

នៅ​ក្នុង​ដំណើរ​រាំងស្ទះ​ចំពោះ​ការ​ស៊ើប​អង្កេត​នេះ ចៅក្រម​សហរដ្ឋ​អាមេរិក​អ្នកស្រី Aileen Cannon បាន​យល់ស្រប​តាម​សំណើ​របស់​លោក Trump កាលពី​សប្ដាហ៍​មុន ដោយ​បាន​បញ្ជា​ឱ្យ​មាន​ការ​តែងតាំង​អ្នក​ជំនាញ​ពិសេស​ដើម្បី​ពិនិត្យ​លើ​ឯកសារ​សម្ងាត់​ដែល​រឹបអូស​បាន​ពី​ភូមិគ្រឹះ​របស់​លោក ដើម្បី​ពិនិត្យ​មើល​ថា​តើ​មាន​ឯកសារ​ណា​ខ្លះ​ដែល​ជា​ឯកសារ​បុព្វសិទ្ធិ​របស់​ប្រធានាធិបតី​ដែល​គួរតែ​ប្រគល់​ជូន​លោក​វិញ។

ជាង​នេះ​ទៀត អ្នកស្រី​ចៅក្រម Cannon បាន​រារាំង​ក្រសួង​យុត្តិធម៌​មិន​ឱ្យ​ប្រើ​ឯកសារ​ទាំង​នោះ​សម្រាប់ «គោល​បំណង​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ» ដោយ​តម្រូវ​ឱ្យ​រង់ចាំ​ការ​ពិនិត្យ​នោះ​បញ្ចប់​រួចរាល់​ជា​មុន​សិន។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា​ ឯកសារ​សម្ងាត់​ដែល​រឹបអូស​បាន​ទាំង​នោះ​គឺជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល និង​បាន​ស្នើ​អ្នកស្រី​ចៅក្រម Cannon ឱ្យ​«បញ្ឈប់»​បទ​បញ្ជា​នេះ ដោយ​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ FBI មាន​លទ្ធភាព​អាច​មើល​ឯកសារ​ទាំង​នោះ​វិញ​បាន និង​ដាក់​កំហិត​លើ​លទ្ធភាព​របស់​អ្នក​ជំនាញ​ពិសេស​នៅ​ក្នុង​ការ​មើល​ឯកសារ​ទាំង​នោះ។

ប៉ុន្តែ ក្រុម​មេធាវី​របស់​លោក Trump បាន​អះអាង​ថា បទ​បញ្ជា​របស់​អ្នកស្រី​ចៅក្រម Cannon ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​អ្នក​ជំនាញ​ពិសេស​នេះ​គឺ​ជា​«ជំហាន​ដំបូង​ដែល​មាន​លក្ខណៈ​សម​ហេតុ​ផល​នៅ​ក្នុង​ការ​ស្ដារ​របៀប​រៀបរយ​ឡើង​វិញ​ពី​ភាព​ច្របូកច្របល់» និង​បាន​ស្នើ​អ្នកស្រី Cannon ឱ្យ​ច្រានចោល​សំណើ​របស់​ក្រសួង​យុត្តិធម៌៕