លោក ត្រាំ​ វាយ​ប្រហារ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​រឿង​ចោទ​ប្រកាន់​ដក​ដំណែង

លោក​ ដូណាល់ ត្រាំ បាន​មក​ដល់​ការ​ប្រជុំ​គ្នា​សម្រាប់​យុទ្ធនាការ​ឃោសនា​នៅក្រុង​ Battle Creek រដ្ឋ Michigan កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ ២០១៩។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​បាន​បន្ត​វាយ​ប្រហារ​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ​ចំពោះ​រឿង​ចោទ​ប្រកាន់​ចង់​ដក​លោក​ចេញ​ពី​តំណែង ស្រប​ពេល​ដែល​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​បន្ត​ អំពី​គម្រោង​កាត់​ទោសលោក​ក្នុង​ព្រឹទ្ធ​សភា។

លោក​ ត្រាំ ថ្លែង​នៅ​លើ​បណ្ដាញ Twitter ថា៖ «ពួក​និយម​ឆ្វេង​ជ្រុល​ ពួក​ប្រជាធិបតេយ្យ​ដែល​អត់​ធ្វើ​ការ​អ្វី​សោះ​ បាន​និយាយ​ថា​ពួក​គេ​ចង់​ប្រញេប​ប្រញាប់​រុញ​សំណុំ​រឿង​ទៅ​ឲ្យ​ព្រឹទ្ធ​សភា ពីព្រោះពួក​គេ​ថា​ «ប្រធានាធិបតី ត្រាំ​ ជា​ការ​គំរាម​កំហែងដល់​សន្តិ​សុខ​ជាតិ។ ពួកគេ​សាហាវ​ណាស់ អ្វី​ក៏​និយាយ​ដែរ។ ប៉ុន្តែ​ឥឡូវនេះ​ពួក​គេ​លែង​ចង់​ប្រញាប់​ហើយ។ ពួកគេ​ចង់​ធ្វើ​យឺតៗ​វិញ!។ ពួក​អ្នកកុហក»។‍

កាល​ពី​សប្តាហ៏​មុន សមាជិក​រដ្ឋ​សភា​ដែល​កាន់​កាប់​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ស្ទើរ​តែ​ទាំង​អស់​គ្នា ​បាន​អនុមត្តិ​លើ​បទ​ចោទ​២​ប្រឆាំង​លើ​លោក ត្រាំ​ ដែល​ជា​ការ​នាំ​ឲ្យ​លោក​ក្លាយ​ជាប្រធានាធិបតី​ស.រ.អា.​ទី​៣ ដែល​ត្រូវ​ជាប់​ចោទ​ដក​ហូត​តំណែង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ២៤៣ ​ឆ្នាំរបស់​ស.រ.អា.។ លោក​បាន​ជាប់​ចោទ​ក្នុង​បទ​រំលោភ​អំណាច​ប្រធានាធិបតី ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង ក្រោយ​មក​បាន​រារាំង​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​សភា ដើម្បី​ស៊ើប​អង្កេតសកម្មភាព​របស់​លោក។

ប្រធាន​រដ្ឋ​សភា​លោក​ស្រី ​Nancy Pelosi ​បាន​ពន្យា​ពេលនៃ​ការ​បញ្ជូន​បទ​ចោទ​ប្រកាន់​ទាំង​២ ទៅ​កាន់​ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ ដើម្បី​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ការ​វិនិច្ឆ័យ​ទោស​ក្នុង​ព្រឹទ្ធ​សភា។ លោក​ស្រីបាន​ថ្លែង​ថា ​លោក​ស្រី​នឹង​មិន​បញ្ជូន​សំណុំ​រឿង​ទៅ​ព្រឹទ្ធ​សភា​ទេ រហូត​ដល់​ពេល​ណា​ដែលព្រឹទ្ធសភា ​យល់​ស្រប​លើ​វិន័យ​នៃដំណើរ​ការវិនិច្ឆ័យ​ទោសរួច​រាល់​សិន។

មេ​ដឹកនាំ​ព្រឹទ្ធសភា លោក Mitch McConnell ​បាន​បន្ទន់​ការ​ប្រឆាំង​ជំទាស់របស់​លោក ចំពោះការ​ទាម​ទាររបស់​មេ​ដឹកនាំ​ខាងគណបក្ស​ប្រជាធិបតេយ្យ Chuck Schumer ដែល​ចង់​ឲ្យ​មាន​ការ​ផ្តល់​សក្ខី​កម្មពី​សំណាក់​មន្ត្រី​៤​រូប ដែល​ក្នុង​នោះ​មានរួម​ទាំង ​អតីត​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ John Bolton និង នាយ​ខុត្តការល័យ​ស្តី​ទី​របស់​សេតវិមាន​ Mick Mulvaney នៅ​ក្នុង​ការ​វិនិច្ឆ័យ​ទោសក្នុង​ព្រឹទ្ធ​សភា។ ឥឡូវ​នេះ​លោក​ថ្លែង​ថា គណបក្ស​សាធារណរដ្ឋ​មិន​បាន​ច្រាន​ចោល​ការ​កោះ​ហៅ​កស្សិណសាក្សី​ទេ៕