ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ជំនួបរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់ទៅដោយមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនោះទេ ដោយសារតែមានការខ្វែងគំនិតគ្នារឿងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
លោក Trump បានប្រាប់អ្នកកាសែតនៅឯសន្និសីទព័ត៌មានក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ថា៖ «ប្រទេសកូរ៉េខាងជើងចង់ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ចេញ ប៉ុន្តែ យើងមិនអាចធ្វើដូច្នេះទេ។ កូរ៉េខាងជើងមានឆន្ទៈលុបបំបាត់តំបន់ផលិតអាវុធនុយក្លេអ៊ែរមួយផ្នែកធំដែលពួកយើងចង់បាន ប៉ុន្តែពួកយើងនឹងមិនលះបង់ការដាក់ទណ្ឌកម្មទាំងអស់នោះទេ»។
លោក Trump បាននិយាយថា លោកទាំងពីរបានពិភាក្សាអំពីការកម្ទេចចោលកន្លែងផលិតអាវុធនុយក្លេអ៊ែរ Yongbyon ហើយលោក Kim Jong Un បានសន្យាជាមួយលោកថា ប្រទេសកូរ៉េខាងជើងនឹងមិនធ្វើការសាកល្បងគ្រាប់រ៉ុកកែត គ្រាប់មីស៊ីល ឬក៏អាវុធនុយក្លេអ៊ែរណាមួយនោះទេ។
ការប្រជុំនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ចប់មុនពេលកំណត់ ដោយលោក Trump និងលោក Kim Jong Un មិនបានពិសាអាហារថ្ងៃត្រង់ជាមួយគ្នា និងមិនបានចូលរួមក្នុងពិធីចុះហត្ថលេខាអ្វីនោះទេ។
លោក Trump បានហៅការពិភាក្សានោះថា «ប្រកបដោយផ្លែផ្កា» និងបាននិយាយថា លោកគិតថា ភាគីទាំងពីរនៅទីបំផុតនឹងសម្រេចបាននូវកិច្ចព្រមព្រៀងមួយជាក់ជាមិនខានពាក់ព័ន្ធនឹងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដោយគ្រាន់តែត្រូវការពេលវេលាបន្ថែមតែប៉ុណ្ណោះ។ លោកបានបន្ថែមថា ជំនួបលើកទី ៣ មិនទាន់សម្រេចធ្វើឡើងនៅឡើយទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បញ្ជាក់ថា លោកសង្ឃឹមថា ការពិភាក្សាលើកទី ៣ រវាងប្រទេសទាំងពីរនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងអំឡុងពេលពិភាក្សានេះ ទាំងលោក Trump និងទាំងលោក Kim Jong Un សុទ្ធតែបានបង្ហាញពីទស្សនៈអំពីលទ្ធភាពដែលប្រទេសកូរ៉េខាងជើងអាចអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបើកការិយាល័យរបស់ខ្លួននៅក្នុងរដ្ឋធានីព្យុងយ៉ាង៕